អាជ្ញាធរជាតិអប្សរា បន្តជួសជុលនិងផ្គុំឡើងវិញ ចម្លាក់បង្កាន់ដៃនាគ ប្រាសាទបន្ទាយសំរែ

ខេត្តសៀមរាប ៖ ក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង ២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើត នៃប្រាសាទបន្ទាយសំរែ ដែលធ្លាក់បាក់ជាច្រើនកំណាត់ រយៈពេលជាយូរមកហើយនោះ ឱ្យប្រសើរឡើងវិញ។

កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញ នូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាព សម្រាប់ការអភិរក្សប្រាសាទខ្មែរ។

ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី មានបញ្ជាក់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរែនេះ បានចាប់ផ្តើមរយៈពេលជិត ២ខែមកហើយ។ ហើយ ក្រុមការងារ បានប្រមូលបំណែកតូចធំ របស់ចម្លាក់ដើម មកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះ មកពីទីផ្សេងៗតាម ដែលអាចស្វែងរកបាន។

ក្រុមអ្នកបច្ចេកទេស ពន្យល់ថា ការប្រើបំណែកថ្មថ្មី ទៅប៉ះជាមួយនិងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណា ដែលសំខាន់ខ្វះមិនបាន ហើយលុះណាតែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។

មន្ត្រីជំនាញ បន្តថា ជាច្រើនឆ្នាំមកហើយ បង្កាន់ដៃនាគ របស់ប្រាសាទបន្ទាយសំរែ មានបញ្ហាប្រឈមខ្លាំង បណ្តាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះ មិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។

លោក ឡុង ណារី បន្តទៀតថា ការជួសជុលថ្ម ព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញនោះ គឺប្រើប្រាស់ការស្វានដាក់ស្នួលតភ្ជាប់បំណែកដងខ្លួននាគ។ ការជួសជុលនេះ ផ្តោតសំខាន់ទៅលើការដាប់ជើងទម្រចាស់ៗជាច្រើនបំណែក និងដងខ្លួននាគ ដែលបានប្រេះបែកទាំងស្រុងចេញពីគ្នាប្រឈមនឹងការរលំបាក់។

បន្ទាប់មក ក្រុមការងារ បានពង្រឹងផ្ទៃថ្ម ដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអចូលក្នុងប្រហោង និងតំណបិទភ្ជិតរន្ធតូចឆ្មារស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិល ចេញពីផ្ទៃថ្ម ដាប់យកចេញ នូវដែកទាមចាស់ៗ និងស៊ីម៉ង់ត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញស្របតាមទីតាំងដើម។

សូមបញ្ជាក់ថា ការជួសជុលបង្កាន់ដៃនាគ ជ្រុងខាងត្បូងឈៀងខាងលិច មានប្រវែង ១២ម៉ែត្រ ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ ជួសជុលបង្កាន់ដៃនាគនៅមុខខាងលិច មានប្រវែង ០៨ម៉ែត្រឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ បង្កាន់ដៃនាគប្រវែង ០៦ម៉ែត្រ នៅមុខខាងកើតឈៀងខាងត្បូង ឆ្នាំ២០២០។

ប្រវែង ២២ម៉ែត្រ នៅមុខខាងជើងកណ្តាល និងឈៀងខាងកើត ឆ្នាំ២០២០។ ប្រវែង ៣០ម៉ែត្រ នៅជ្រុងនិរតី ខាងក្នុងរោងទងទី១ ឆ្នាំ២០២១៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ភោគ ជា/ក្រុមការងារអភិរក្សថ្ម

អត្ថបទដែលជាប់ទាក់ទង