សមត្ថកិច្ចខេត្តកំពត មិនទាន់ស្វែងរកឃើញ ស្ត្រីម្នាក់ធ្លាក់ចូលជ្រោះឱម៉ាល់ នៅឡើយទេ

ខេត្តកំពត ៖ គិតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃទីបីហើយសម្រាប់បេសកម្មស្វែងរកនារីម្នាក់ ដែលបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ ក្រោយពេលទៅបោះតង់កម្សាន្ត នៅតំបន់ទឹកធ្លាក់ជ្រោះឪម៉ាល់ កាលពីថ្ងៃទី៣០ ខែកក្កដា  ឆ្នាំ២០២៣ ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ហើយពុំទាន់បានរកឃើញនៅឡើយ។

យោងតាមការបង្ហោះសារ នៅលើទំព័រហ្វេសបុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅល្ងាចថ្ងៃទី០១ ខែសីហា បានសរសេរថា “បេសកម្មថ្ងៃទីបី ក្នុងការស្វែងរកប្អូនស្រីខួច នៅលើជ្រោះឱម៉ាល់ 01.08.23″។ ក្នុងបេសកម្មស្វែងរកនារី ដែលបានបាត់ខ្លួនខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយ អាជ្ញាធរមូលដ្ឋាន ដែលប្រើប្រាស់ម្លាំងប្រមាណជាង ១០០នាក់។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ទោះប្រើរយៈពេលបីថ្ងៃ នៅតែស្វែងរកមិនឃើញនារីរងគ្រោះក្តី ក៏កម្លាំងសមត្ថកិច្ច មិនបោះបង់ការស្វែងរកនោះឡើយ ទោះបីអាកាសធាតុ នៅតែបន្តមានភ្លៀងធ្លាក់ជាប់ជានិច្ច ក៏ប៉ុន្តែប្រត្តិបត្តការណ៍ស្វែងរកនេះ នៅតែបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង