អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងខឿនជណ្ដើរ នៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ក្រុមការងារបច្ចេកទេសជួសជុល នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។

បុរាណវិទូ លោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា ការជួសជុលនេះ ក្នុងបំណង ដើម្បីពង្រឹងខឿនជណ្ដើរ ឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរ នៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀត ក៏បម្រុងនឹងធ្លាក់ ហើយក្រុមការងារ នឹងរៀបចំរុញថ្មទាំងនោះ ឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿន ឱ្យមានភាពរឹងមាំ គង់វង្ សតទៅមុខទៀត។

លោកស្រី វិជ្ជាសច្ចរ៉ា មានប្រសាសន៍ទៀតថា កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះ រងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិ ដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង។ ក្រុមការងារ បានចាប់ផ្ដើមកិច្ចការដំបូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពីប្រភពណា? ហើយ បន្ទាប់ពីផ្គុំចេញរូបរាងរួចហើយ ទើបក្រុមការងារសិក្សា ទៅលើគ្រឹះ ថាតើគួរជុសជុស ឬគួររើ គួរពង្រឹងដើម្បីយកទៅដាក់ កន្លែងដើមវិញ ឬក៏យ៉ាងណា? ក្រៅពីនេះក្រុមការងារ បានធ្វើការទល់ទ្រដំបូលកណ្ដាល កុំឱ្យរលុះធ្លាក់ថែមទៀតផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ហាប់ គឹមអាន/ លោកស្រី ភិន វិជ្ជាសច្ច

អត្ថបទដែលជាប់ទាក់ទង