ក្របីផ្អើលលង់ទឹកស្លាប់១៧ក្បាល នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីនៅពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ មានករណី ក្របីហ្វូងផ្អើលរត់ជាន់គ្នាលង់ទឹកស្លាប់ចំនួន ១៧ក្បាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សមត្ថកិច្ច បន្តថា ការស្លាប់នេះ ក្រោយពេល ប្រជាពលរដ្ឋ ជាម្ចាស់ក្របី បានលែងក្របីជាហ្វូង ដើម្បីសុីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះ ទឹកទន្លេចាប់ផ្តើមឡើងខ្លាំង ធ្វើឱ្យលិចតំបន់នោះ ទើបម្ចាស់ក្របី បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។

ហើយមូលហេតុបណ្តាលឱ្យក្របីស្លាប់ ព្រោះតែពីត្រើយម្ខាង ឆ្លងទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ ប្រមាណ៣គីឡូម៉ែត្រ ទើបធ្វើឱ្យក្របីអស់កម្លាំងហែលទឹក និងម្យ៉ាងវិញទៀត ម្ចាស់ក្របី បានប្រើមធ្យោបាយទូកជ័រជាច្រើនគ្រឿង សម្រាប់កៀងក្របី ហើយទូកនោះ មានរចនារូបភ្នែកនៅក្បែរក្បាលទូក (មើលទៅដូចរូបសត្វក្រពើ) ដែលធ្វើឱ្យក្របីផ្អើល ហែលគេចលង់ទឹកស្លាប់តែម្តងទៅ។

សមត្ថកិច្ច បញ្ជាក់ថា ចំពោះក្របី ដែលស្លាប់ទាំងអស់ មានចំនួន ១៧ក្បាល ក្នុងនោះ ០២ក្បាលជារបស់ប្រជាពលរដ្ឋ រស់នៅភូមិចាំនាង និង១៥ក្បាលទៀត ជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

អត្ថបទដែលជាប់ទាក់ទង