សមត្ថកិច្ចផ្ទុះអាវុធមួយប្រាវ ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីចាប់មនុស្សជំរិតទារប្រាក់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាល ខេត្តព្រះសីហនុ បានចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ជនជាតិចិន ចំនួន ០២នាក់ ដែលធ្វើសកម្មភាព ចាប់ជំរិតទារប្រាក់ ពីជនរងគ្រោះ ដោយប្រើអាវុធខ្លី និងកាំបិតចុងស្រួច នៅម្តុំផ្សារលើ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។

ប្រតិបត្តិការនេះ ក៏មានការផ្ទុះអាវុធផងដែរ ក្នុងអឡុងពេល សមត្ថកិច្ច ចុះទៅចាប់ខ្លួនជនសង្ស័យ បានភ្លាមៗនៅម្តុំផ្សារលើ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងតាមរបាយការណ៍ថា នៅម៉ោង ០៦ ព្រឹក ថ្ងៃទី
១៣ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ បានប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមសង្ស័យមានគ្នា ០២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិន ០១នាក់ ចូលក្នុងរថយន្ត។ ហើយបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណ រថយន្ត ដែលជនសង្ស័យជិះធ្វើសកម្មភាព ហើយ ភ្លាមនោះកម្លាំងជំនាញ ក៏បានជិះដេញតាមរថយន្ត របស់ជនសង្ស័យ លុះដល់ចំណុច ស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្ត របស់ជនសង្ស័យ បានបើកទៅបុកម៉ូតូ របស់ប្រជាពលរដ្ឋ កំពុងបើកបរ បណ្តាលអោយរងរបួសបុរស ០១នាក់ បន្ទាប់មក រថយន្ត របស់ជនសង្ស័យ បានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុច មុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យ ក៏បានបន្តបុករថយន្ត ០១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលអោយខូចខាតផ្នែកខាងក្រោយ។ ហើយកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់ឃាត់រថយន្ត របស់ជនសង្ស័យបាន។ ប៉ុនែ្តភ្លាមៗ នោះ ជនសង្ស័យ ០២នាក់ បានចុះពីរថយន្ត រត់គេចខ្លួន ដោយមាន ០១នាក់សៀតអាវុធខ្លី ០១ដើម នៅចង្កេះរត់ចូលក្នុងផ្សារ និង០១នាក់ទៀត ក្នុងដៃមានកាន់កូនកាំបិតចុងស្រួច ០១ដើម រត់ទៅតាមផ្លូវគៀនផ្សារ។ ហើយ កម្លាំងសមត្ថកិច្ច បានដេញតាម រហូតចាប់ឃាត់ខ្លួន បានជនសង្ស័យ ០១នាក់ ដែលមានអាវុធខ្លី នៅជាប់ខ្លួន។ ចំណែកជនសង្ស័យ ០១នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ច ហើយភ្លាមនោះ កម្លាំងសមត្ថកិច្ច ក៏បានផ្ទុះអាវុធ ០២គ្រាប់ បាញ់ទៅលើដី ដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំជើងខាងឆ្វេង របស់ជនសង្ស័យ។ បន្ទាប់មក កម្លាំងសមត្ថកិច្ច ក៏បាននាំជនរងគ្រោះ ០១នាក់ ភេទប្រុស ជនជាតិចិន (រងរបួសក ធ្ងន់ធ្ងរ) និងជនសង្ស័យ ០១នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះចំនួន ០១នាក់ ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយរងរបួស ក ធ្ងន់ធ្ងរ ។

ចំណែក ជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន (០១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

ចំពោះ សម្ភារៈវត្ថុតាងចាប់យកបានរួមមាន ៖
– រថយន្ត ០១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ។ (ជាមធ្យោបាយជិះធ្វើសកម្មភាព)

– អាវុធខ្លី ០១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់ ០១ មាន ០៣គ្រាប់)។ (អាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ)

– កូនកាំបិតចុងស្រួច ០១ដើម (មានប្រឡាក់ឈាម របស់ជនរងគ្រោះ)

– ទូរស័ព្ទដៃ ០២គ្រឿង ។
– លិខិតឆ្លងដែន ០២ក្បាល ។
– កាតរឹង ០២សន្លឹក ។
– កាបូបក្រវាត់ចង្កេះ ០១។
– នាឡិកាដៃ ០២គ្រឿង ។
-ខ្សែ ០១ខ្សែ ។

បច្ចុប្បន្នករណីនេះ កម្លាំង នគរបាល កំពុងបន្តនីតិវិធី ដើម្បីឈានទៅបន្តសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមច្បាប់៕(រូបភាពពីន.ប)

អត្ថបទដែលជាប់ទាក់ទង