ក្រសួងបរិស្ថាន ដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»

រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»..។

ក្រសួងបរិស្ថាន បញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» គឺជាការបញ្ជក់មួយទៀត ពីរបត់ថ្មី របស់សង្គមកម្ពុជា ងាករកទំនើបកម្ម បច្ចេកវិទ្យា ស៊ីវីល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងដូច្នេះ ក្នុងឱកាសប្រកាស ដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» និងមានការចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងធនាគារពិភពលោក (World Bank) អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

លោក សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ និងថ្លែងអំណរគុណដល់អង្គការដៃគូ ដែលបានចូលរួមយ៉ាងសកម្ម បង្កើតបានជាកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»។ លោករដ្ឋមន្ត្រី បន្តថា នេះមិនត្រឹមតែជាសមិទ្ធផលថ្មីមួយទៀតទេ ប៉ុន្តែបង្ហាញឱ្យឃើញថា ជីវភាព របស់ប្រជាជនកម្ពុជាបានងាកទៅរកភាពសុខដុមរមនា និងសុភមង្គល មានឱកាសពេញលេញ ធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិគ្រប់ទីកន្លែង។

លោក សាយ សំអាល់ សង្កត់ធ្ងន់ថា កម្ពុជា បានផ្លាស់ប្តូរពីសង្គមជាតិមួយ ដែលធ្លាប់បែកបាក់ផេះផង់ ដោយសារសង្គ្រាម មកជាសង្គមជាតិមួយ ដែល ជីវភាពល្អប្រសើរ សង្គមរស់រវើក ប្រជាជន មានចំណេះដឹងទូលំទូលាយ ចេះចែករំលែក្តីសុខ និងសុភមង្គលតាមរយៈ លម្ហែជាមួយនឹងធម្មជាតិ។ ទាំងនេះ ជាផ្លែផ្កា នៃសុខសន្តិភាព ដែលយើងកំពុងទទួលបាន ហើយវប្បធម៌ នៃសន្តិភាព ក៏បានចាក់ឬសយ៉ាងមាំក្នុងក្រអៅបេះដូង ប្រជាជនកម្ពុជាគ្រប់រូបផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាផ្នែកមួយនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បង្កើតឡើងដើម្បីគាំទ្រ និងជំរុញឱ្យការផ្សព្វផ្សាយអំពីគោលដៅអេកូទេសចរណ៍ បានកាន់តែទូលំទូលាយ និងបង្កើនភាពងាយស្រួលដល់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើរកម្សាន្ត ជាមួយនឹងមុខងារសំខាន់ៗ ដូចជា៖ ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មាន អំពីតំបន់ទេសភាព តាមរយៈរូបថត និងសារខ្លីៗ។

លោកថា នេះ គឺជាការឆ្លើយតបមួយទៅនឹងគោលនយោបាយអភិវឌ្ឍន៍អេកូទេសចរណ៍ ក្រោមពាក្យស្លោក «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលនឹងជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋ រស់នៅតាមតំបន់ការពារធម្មជាតិ មានភាពប្រសើរឡើងជាលំដាប់ តាមរយៈចំណូលពីភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត រួមចំណែកពង្រឹងជីវភាពសហគមន៍ ដូចជាឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ហើយរួមចំណែក កាត់បន្ថយសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ ធនធានធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង