អាជ្ញាធរជាតិអប្សរា កំពុងជួយសង្រ្គោះតួប្រាង្គទី២២ របស់ប្រាសាទបាគង

ខេត្ត ៖ ក្រុមអ្នកបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទឥដ្ឋ ប្រាង្គទី២២ របស់ប្រាសាទបាគង ដែលបានសាងឡើងពីឥដ្ឋ នៅផ្នែកខាងជើង ដោយមានសភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល ឱ្យដឹងថា ស្ថានភាព នៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះ កំពុងប្រឈម និងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។

មន្ត្រីដដែលបញ្ជាក់ទៀតថា ប្រាង្គទី២២ មានបញ្ហាប្រឈមខ្ពស់ ដោយប្រាង្គកណ្ដាលនៅរួតទី៣ ទី៤ផ្នែកខាងលិច និងនៅតាមជញ្ជាំងប្រាង្គនាទិសឦសានមានស្នាមប្រេះហែកចេញពីគ្នាតាំងតែពីលើរហូតដល់ក្រោម ដែលអាចនឹងដួលរលំ ប្រសិនបើមានការប្រែប្រួលអាកាសធាតុ។

បច្ចុប្បន្ន ក្រុមការងារកំពុងជួយសង្គ្រោះពង្រឹងរចនាសម្ពន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គ ដែលរងការពុកផុយខ្លាំងតាំងពីក្រោមរហូតដល់កំពូលលើជាមួយនិងបច្ចេកទេសបិទស្នាមប្រេះ នៅតាមជញ្ជាំង ដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញ នូវរចនាសម្ពន្ធពាក់ពន្ធ័មួយចំនួនទៀតដោយប្រើខ្សែកាប ចងគ្រីបនៅខាងក្រៅ កុំឱ្យរលុះផង។

លោក សារាយ គឹមហួល ឱ្យដឹងថា ដំណាក់ដំបូង ដែលត្រូវសង្រ្គោះបន្ទាន់ គឺត្រូវពង្រឹងគ្រឹះ ឬសង្រ្គោះត្រង់ចំណុចណាដែលមានហានិភ័យខ្ពស់ បន្ទាប់មកត្រូវសង្រ្គោះនៅកន្លែងផ្សេងៗទៀតដែលមានហានិភ័យបន្តបន្ទាប់។ ការងារមួយទៀត គឺត្រូវសម្អាតស្ងួតដោយដកយកកូនរុក្ខជាតិតូចៗ ដែលដុះនៅលើប្រាង្គ បោសសម្អាតដីចេញពីកន្លែង ដែលត្រូវពង្រឹង បន្ទាប់ទៀត ត្រូវកោសស្លែចេញអស់ហើយ និងត្រូវសម្អាតដោយទឹក ដើម្បីងាយស្រួលតភ្ជាប់ជាមួយកំបោរបាយអជាដើម។

កាលពីឆ្នាំ២០១៩មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមធ្វើការទល់ទ្រ ដើម្បីទប់លំនឹងរចនាសម្ពន្ធប្រាង្គទី២២ នៃប្រាសាទបាគងនេះដែរ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ភោគ ជា

អត្ថបទដែលជាប់ទាក់ទង