លទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៤

រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សា អំពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផល ធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤។

កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ។

យ៉ាងនេះក្តី ភាគីទាំង ០៣ រួមមាន៖ ភាគី រាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក នោះមិនទាន់បញ្ចេញតួលេខ របស់ខ្លួន នៅឡើយទេ។

ចំពោះលទ្ធផល នៃកិច្ចប្រជុំខាងលើរួមមាន ៖
១- បានប្រកាសជាផ្លូវការ សមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់អាណត្តិទី៣ គឺ៖
* លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈ របស់កម្មករនិយោជិត
* លោក ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈ របស់និយោជក។
២- បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗ នៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចទាំង ០៧ សម្រាប់ភាគីពាក់ព័ន្ធ ធ្វើជាមូលដ្ឋានប្រើប្រាស់ ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤។

៣- បានស្តាប់គោលជំហរព របស់ តំណាងភាគីនីមួយៗ ទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យ បែបសង្គម និងសេដ្ឋកិច្ច ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខ ដែលជាគោលជំហរផ្លូវការ របស់ខ្លួនទេ ដោយស្នើសុំប្រជុំផ្ទៃ ក្នុងរៀងៗខ្លួនសិន។

៤- ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

ក្នុងឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន ២០០ដុល្លារ ក្នុងមួយខែ  ហើយបើបូករួម ប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត កម្មករនិយោជិតម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិក ក្នុងមួយខែ៕

អត្ថបទដែលជាប់ទាក់ទង