ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក អាជ្ញាធរជាតិអប្សរា ជិត៥០០នាក់ រួមគ្នាដាំកូនឈើនិងស្មៅ នៅមុខប្រាសាទអង្គរ

ខេត្តសៀមរាប ៖ កូនឈើចម្រុះចំនួន ១២០០ដើម និងស្មៅចំនួន ៤០០ម៉ែត្រការរ៉េ ត្រូវបានដំាដុះនៅលើផ្ទៃដីចំនួនកន្លះហិកតា នាបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែរស្រះត្រពាំងសេស នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ពិធីនេះ ដឹកនាំដោយ លោក ហង់ ពៅ អគ្គនាយក រួមទាំងអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន ព្រមទាំងមន្ត្រី បុគ្គលិក នាយកដ្ឋានចំណុះ នៃអាជ្ញាធរជាតិអប្សរា ប្រមាណ៥០០នាក់។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះបានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន។ ដោយក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ ដើមឈើសរុបប្រមាណ ២លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។

លោកបន្តថា នៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ក្រោយការសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញ នៅក្នុងតំបន់អង្គរ ដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសកល របស់អង្គរ ទើបអាជ្ញាធរជាតិអប្សរា មានឱកាស ដើម្បីបង្កើនការថែទាំនិងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង ៤៧,០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ។

លោកបញ្ជាក់បន្ថែម អំពីអត្ថប្រយោជន៍ជាច្រើន របស់ដើមឈើ ជាពិសេស សម្រាប់ប្រាសាទបុរាណ ក្នុងនោះធាតុបីដែលមិនអាចចែកដាច់ពីគ្នាបាន រួមមាន៖ ទឹក ព្រៃឈើ និងប្រាសាទ។ ដូចយើងដឹងហើយថា ស្ថេរភាពរបស់ប្រាសាទ ត្រូវមានទំនាក់ទំនងនឹងទឹកក្រោមដី ដូច្នេះបើសិនជាយើងដាំដើមឈើ ដើមឈើទាំងនោះនឹងជួយកាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។ ក្នុងនោះដើមឈើ ដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើរស្មីសំយោគ ជួយកាត់បន្ថយកម្តៅនៃប្រាសាទ ជាហេតុនាំឱ្យថ្មមិនងាយនិងប្រះ ឬរលំ ឬភាពសិករិករឹលនៃប្រាសាទ។ មួយវិញទៀត ព្រៃឈើ នឹងជួយកាត់បន្ថយល្បឿនខ្យល់ ដែលអាចមានផលប៉ះពាល់ទៅដល់ប្រាសាទបុរាណផងដែរ។

លោកអគ្គនាយក មានប្រសាន៍ទៀតថា ទីតាំងដែលបានដាំស្មៅ និងកូនឈើឡើងវិញនេះ ជាទីតាំងល្អបំផុតនៅបរិវេណខាងមុខប្រាសាទអង្គរ ព្រោះទីនេះកន្លងមកជាកន្លែងដែលអាជ្ញាធរជាតិអប្សរា រៀបចំជាសំណង់សម្រាប់ដាក់សម្ភារៈ ដើម្បីបម្រើការងារជួសជុលស្ពានហាល និងការប្រើប្រាស់ផ្សេងៗ។

អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ពីមួយថ្ងៃទៅមួយថ្ងៃ តំបន់អង្គរ នឹងកាន់តែមានភាពស្រស់បំព្រង ពោពេញទៅដោយព្រៃឈើ មានលក្ខណៈលម្អដល់ប្រាសាទ និងបន្ថែមគុណភាពនៃជីវិត សម្រាប់ភ្ញៀវទេសចរដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ៕

អត្ថបទ៖ នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន ,លោកហ៊ុំ រិទ្ធី និងលោកភោគ ជា

អត្ថបទដែលជាប់ទាក់ទង