ក្រុមអ្នកជំនាញ កំពុងពង្រឹងរចនាសម្ពន្ធ ខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះ នៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន

ក្រុមអ្នកជំនាញកំពុងធ្វើការពង្រឹងរចនាសម្ពន្ធខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន!

ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាបានកត់សម្គាល់ឃើញថា មានទីតាំងមួយចំនួន នៅជុំវិញខឿនរួតទី៣ របស់ប្រាសាទបាយ័ន ឃើញមានល្បាយដីខ្សាច់ហូរច្រោះ ចេញតាមចន្លោះជញ្ជាំងក្រោយពេលមានភ្លៀង ដែលវាអាចនឹងបង្កជាហានិភ័យដល់ប្រាសាទបុរាណមួយនេះបាន។

ក្រុមស្ថាបត្យករ និងវិស្វករ កំពុងតែធ្វើការសិក្សា និងស្វែងរកវិធីសាស្រ្ត ដើម្បីទប់ស្កាត់ការហូរច្រោះ នៃល្បាយដីខ្សាច់ ព្រមទាំងធ្វើការពង្រឹងរចនាសម្ពន្ធខឿនដែលមានហានិភ័យ នោះឡើងវិញ។

ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ របស់ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា កាលពីចុងឆ្នាំ២០២១ ក្រុមការងារធ្លាប់បានសម្អាតកំណកដីនៅតាមប្រព័ន្ធបង្ហូរទឹកជុំវិញរួតទី៣ ប្រាសាទបាយ័ន ម្តងរួចហើយ ប៉ុន្តែមួយឆ្នាំក្រោយមក យើងនៅឃើញមាន ល្បាយដីខ្សាច់ននៅតែបន្តហូរច្រោះចេញមកតាមជញ្ជាំងខឿនរួតទី៣ នៃប្រាសាទបាយ័នដដែល ដែលវាជាមូលហេតុចម្បង នាំឱ្យមានការពង្រឹងខឿនជ្រុងនិរតី នៃរួតទី៣នេះ ឡើងវិញ។

កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានសិក្សាស្រាវជ្រាវ ដើម្បីរកឱ្យឃើញថា មូលហេតុអ្វី ដែលបណ្ដាលឱ្យដីខ្សាច់ហូរច្រោះបែបនេះ? ក្នុងនោះ មានមូលហេតុសំខាន់ៗមួយចំនួនដូចជា៖

ទី១- បញ្ហាឬសឈើកាលពីអតីតកាល បានដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធ ធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។

ទី២- បញ្ហាទឹកហូរច្រោះចូលទៅតាមប្រហោងថ្ម ដែលអាចនាំល្បាយដីខ្សាច់ ចេញមកក្រៅបាន

ទី៣- បាយអស៊ីម៉ងត៍ ដែលបានបំពេញនៅតាមចន្លោះថ្មកម្រាល ដោយអ្នកអភិរក្សជនជាតិបារាំងដល់បច្ចុប្បន្ន អស់គុណភាព ដែលធ្វើឱ្យបរិមាណទឹកភ្លៀងហូរចូលទៅខាងក្នុងខឿន ច្រើនលើសកម្រឹត

ទី៤- ដីគ្រឹះខាងក្នុងជាប្រភេទដីខ្សាច់សុទ្ធ និងមានគ្រាប់រាងធំ កាលណាខ្សាច់មានគ្រាប់ធំពុំមានគ្រាប់ទំហំតូច គឺវាមិនសូវមានភាពស្អិតល្អទេ ពេលមានភ្លៀងម្តងៗទឹកងាយនឹងហូរនាំល្បាយដីខ្សាច់ ចេញទៅតាមប្រហោងថ្ម។ កិច្ចការនេះ បានចាប់ផ្ដើមតាំងពីចុងឆ្នាំ២០២២មក  ដោយធ្វើការរើថ្មដែលក្រៀកចេញរួចរៀបចូលទីតាំងវិញ និងការយកសំណាកដីផ្នែកខាងក្នុងខឿន ទៅធ្វើការវិភាគដើម្បីឱ្យដឹងថា តើស្រទាប់ដីជម្រៅណាមានសភាពខ្សោយដែលត្រូវពង្រឹងឡើងវិញ?។

ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញបានរើថ្មបង្កាន់ដៃនាគ ថ្មកម្រាល និងជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀមដោយរើ និងរៀបថ្មភក់ ថ្មបាយក្រៀម ដែលមួយផ្នែកឡើងវិញ រួចបិទបាយអនៅតាមចន្លោះថ្មដើម្បីការពារដីខាងក្នុង កុំឱ្យហូរចេញទៀត។ មកដល់បច្ចុប្បន្នជាផែនការបន្ត ក្រុមអ្នកជំនាញកំពុងត្រៀមធ្វើការបុកបង្ហាប់ដីខាងក្នុងឡើងវិញ រួចរៀបថ្មដែលបានរើចូលទីតាំងទៅតាមរចនាសម្ពន្ធវិញ និងការងារបិទបាយអនៅតាមចន្លោះថ្មកម្រាល ដើម្បីកាត់បន្ថយបរិមាណទឹកភ្លៀងហូរចូល ទៅក្នុងគ្រឹះ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ ភោគ ជា

អត្ថបទដែលជាប់ទាក់ទង