សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ

រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ..!

ក្រៅពីភាពជោគជ័យខាងនយោបាយការទូត និងការទាញយកផលប្រយោជន៍សេដ្ឋកិច្ច ជូនប្រទេសជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។

ចំណុចទាក់ទាញ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីជារួមមាន៖

ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតារ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។

ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយា និងសីលធម៌លដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេ ក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់គ្នា ឲ្យសម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។

ទី៣៖ សមត្ថភាព និងភាពជឿជាក់លើខ្លួនឯង គឺជាចន្ទល់ដ៏រឹងមាំដែលធ្វើឲ្យសម្តេចធិបតីអាចបំពេញបេសកកម្មការទូតបានយ៉ាងល្អ លើសពីការស្មាន សូម្បីតែជាការចាប់ផ្តើមលើកដំបូងក៏ដោយ។

ទី៤៖ មេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឲ្យឃើញពីសមត្ថភាពការទូតដ៏ចំណាន ក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាព សម្រាប់តំបន់ និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជាជន។

ភាពទាក់ទាញទាំងនេះហើយដែលធ្វើឲ្យក្រសែភ្នែក របស់មេដឹកនាំអាស៊ាន ក៏ដូចជាមេដឹកនាំផ្សេងទៀត ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សាការតាមិនអាចរំលងពីតារា របស់កម្ពុជាបានឡើយ។ ក្នុងសុន្ទរកថា ថ្លែងក្នុងជំនួបកំពូលអាស៊ាន មេដឹកនាំក្នុងតំបន់ទាំងអស់សុទ្ធតែសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា។

កំឡុងពេលចូលរួមកិច្ចប្រជុំនានានៅហ្សាការតា សម្តេចធិបតី ថ្លែងសុន្ទរកថាដល់ទៅ ១២លើក និងបន្ថែមដោយជំនួបទ្វេភាគីចំនួន ១៣ លើក។ ជាកិច្ចការងារដ៏ច្រើន ប៉ុន្តែ មិនហួសពីសមត្ថភាព របស់ប្រមុខដឹកនាំថ្មី វ័យក្មេង ដែលមានឆន្ទៈខ្ពស់ និងពោរពេញដោយភាពជឿជាក់លើខ្លួនឯង នោះឡើយ។

ចំណែក អ្នកតាមដានព្រឹត្តិការណ៍តាមកញ្ចក់ទូរទស្សន៍ ឬបណ្តាញសង្គមឯណេះវិញ ពួកគេក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួអង្គអវតារថ្មី របស់សម្តេចតេជោដែរ។

សម្រាប់ជនបរទេស គឺពួកគេចង់ឃើញមុខមាត់ និងសមត្ថភាពនាយករដ្ឋមន្ត្រីថ្មីកម្ពុជា ខណៈដែលពលរដ្ឋខ្មែរ ចង់តាមដានសកម្មភាពមេដឹកនាំថ្មី របស់ខ្លួនដែលទើបតែចេញបំពេញបេសកកម្មលើកដំបូងនៅក្រៅប្រទេស។

សកម្មភាពដ៏លេចធ្លោ របស់សម្តេចធិបតី បានធ្វើឲ្យមោទនភាពជាតិផុសឡើងដោយមិនដឹងខ្លួនក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។

តាមរយៈព្រឹត្តិការណ៍នៅហ្សាការតា សាធារណមតិជាតិ និងអន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ពីសមត្ថភាព និងភាពប៉ិនប្រសប់ របស់អ្នកបន្តវេននាយករដ្ឋមន្ត្រីនៅកម្ពុជា។

សរុបមកវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាតារាថ្មី របស់កម្ពុជាដែលរះយ៉ាងចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់យកបេះដូង ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕ ប្រភព fb: ប៉ែន បូណា

(អត្ថបទនេះគឺជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំបាទ ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី)

អត្ថបទដែលជាប់ទាក់ទង