​​​បញ្ជូនជនសង្ស័យជនជាតិវៀតណាមម្នាក់ យកចំពាមកៅស៊ូបាញ់កុមារីម្នាក់ ឲ្យរងរបួសធ្ងន់​ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​បន្តនីតិវិធីច្បាប់​

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក កាលពីម៉ោង ១២​ និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ​បាន​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា (យកចំពាមកៅស៊ូបាញ់បណ្តាលឲ្យរបួស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង ១៨ និង២៧នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣​។
ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងងី ហៅ ហេង ផល្លា ភេទប្រុស ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក។
វត្ថុតាងចាប់យកបាន៖ ចំពាមកៅស៊ូ ដងឈើមួយ។
សមត្ថកិច្ចជំនាញ បញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨ និង២៧នាទី ជនរងគ្រោះ ឈ្មោះ សួន វ៉ាន់នី ត្រូវជាកូនបង្កើតឈ្មោះ តាំង សុវណ្ណ បានជិះកង់ស្គីលេងនៅលើផ្លូវបេតុង ក្នុងភូមិ១៦ សង្កាត់ស្រះចក ទៅវិញទៅមក ស្រាប់តែជនរងគ្រោះខ្ទប់មុខស្រែកយំថា ឈឺណាស់ៗ រត់ទៅប្រាប់ឪពុក ក្រោយពីបានឃើញមានរបួស ឃើញដូច្នោះ ឪពុកជនរងគ្រោះបានសួររកអ្នកណាគប់ ឬបាញ់តែរកមិនឃើញ លុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨ និង០០នាទី បានសូមកាំមេរ៉ាសុវត្ថិភាព អ្នកជិតខាងមើលទើបឃើញ និងស្គាល់ អង្គុយក្បែរតុក្នុងផ្ទះទាញចំពាមកៅស៊ូបាញ់ ទើបមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក សហការជាមួយឪពុកជន​រងគ្រោះ ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតដល់ម៉ោង ១២ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល កម្លាំងឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចមុខផ្ទះលេខ៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមនឹងវត្ថុតាង នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទដែលជាប់ទាក់ទង