ក្រុមជួសជុលនៃអាជ្ញាធរជាតិអប្សរា បានរកឃើញការសាងសង់ខឿនពីរជាន់ នៅរួតទីបីនៃប្រាសាទបាយ័ន

ខេត្តសៀមរាប ៖ ក្រុមអ្នកបច្ចេកទេស នៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមួយ ដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ ត្រួតគ្នានៅរួតទីបី របស់ប្រាសាទបាយ័ន។

ការប្រទះឃើញសំណង់ ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទ កំពុងជួសជុលពង្រឹងរចនាសម្ពន្ធប្រាសាទ នៅរួតទីបីនៃប្រាសាទ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបី នៃប្រាសាទបាយ័ន​ដែល ខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ មានសង់ខឿនមួយទៀត បន្ថែមពីខាងក្រៅ ព្រមទាំងការប្តូរប្លង់ស្ថាបត្យកម្មក្នុងកំឡុងពេលសាងសង់នោះផង។

ក្រុមអ្នកបច្ចេកទេស បានសង្កេតឃើញថា ខឿន ដែលសាងសង់មុន គឺអត់សូវមានក្បាច់រចនាទេ គឺមានតែស្នាមដាប់រំលីងថ្មតែប៉ុណ្ណោះ ចំណែកឯ ខឿនដែលសាងសង់ពង្រីកក្រោយ គឺឃើញមានក្បាច់រចនាជាចម្លាក់ពងត្រីយ៉ាងស្អាត។

ក្រុមស្ថាបត្យករ បានសន្និដ្ឋានថា ការសាងសង់ខឿនប្រាសាទបុរាណថែមថយបែបនេះ ប្រហែលបណ្តាលមកពីអ្នកសាងសង់មានការផ្លាស់ប្តូរគំនិត នៃការរចនាសំណង់ឱ្យកាន់តែស្អាតជាងមុន។

កញ្ញា សុវណ្ណលីលីន ពន្យល់ទៀតថា ការប្រទះឃើញសំណង់ប្រាសាទបុរាណមានខឿនពីរជាន់នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យអ្នកសិក្សាស្រាវជ្រាវសំណង់ ស្ថាបត្យកម្មនៅតាមប្រាសាទខ្មែរបុរាណកាន់តែបានស្វែងយល់បន្ថែមទៀត សម្រាប់ការចងក្រងផ្នែកស្ថាបត្យកម្មសម័យអង្គរទុកជាឯកសារឱ្យអ្នកស្រាវជ្រាវជំនាន់ក្រោយ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា/លោក ភោគ ជា/លោក អូលីវីយេ គុណាំង

អត្ថបទដែលជាប់ទាក់ទង