ភ្ញៀវទេសចរច្រើនកុះករ ចូលទស្សនាព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសច្រើនច្រើនកុះករ បានចូលរួមទស្សនា ព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត (សមរាត្រី) នារដូវវស្សាឆ្នាំ២០២៣។

មន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលចុះទៅសង្កេតការណ៍ដោយផ្ទាល់ បានឲ្យដឹងថា ទាំងព្រឹកថ្ងៃទី២១ និងទាំងព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសជាច្រើននាក់ បានមកទស្សនាទិដ្ឋភាពថ្ងៃរះ ចំកំពូលកណ្តាល របស់ប្រាសាទអង្គរវត្ត។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី មន្ត្រី រូបនេះ មិនអាចបញ្ជាក់បានអំពីចំនួនអ្នកចូលរួម ថាមានប៉ុន្មាននាក់ឲ្យពិតប្រាកដទេ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន ២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

ចំពោះឆ្នាំ២០២៣នេះ ថ្ងៃរះលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី នារដូវស្សានេះ ត្រូវចំថ្ងៃទី២២ ខែកញ្ញា ដែលជាវេលា ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា គិតនៅប្រទេសកម្ពុជាយើង។

ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

លោក អ៊ឹម សុខរិទ្ធី បន្តថា ករណីពិសេសនៅអង្គរវត្ត នាវេលាថ្ងៃ និងយប់ មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល នៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាល នៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ។ នេះជារឿងអច្ឆិរយ របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើង ដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់ របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ គឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយ ចំពោះសំណួរ ដែលសួរមិនចេះចប់ថា ហេតុដូចម្តេច បានជាអង្គរវត្តបែរមុខទៅទិសខាងលិច។

សម្រាប់ព្រឹត្តិការណ៍សមរាត្រីរដូវវស្សានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្ងៃរះមិនល្អទេដោយសារអាកាសធាតុមិនល្អ ដោយមានភ្លៀងរលឹមផងដែរ។ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរ ដែលទៅទស្សនា គឺមានចំនួនច្រើនកុះករ៕
អត្ថបទ និងរូបភាព: មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង