រកឃេីញកុមារី​អាយុ៧ឆ្នាំម្នាក់ ឆ្លងជំងឺ​ហ្ស៊ីកា បណ្តាលមកពីម៉ូសខាំ

ខេត្តកំពង់ធំ ៖ មន្ត្រីមន្ទីរសុខាភិបាល ខេត្តកំពង់ធំ បានឲ្យដឹងថា មានកុមារីម្នាក់ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ​ ត្រូវបានរកឃេីញថា​ បានឆ្លងជំងឺហ្ស៉ីកា។

បច្ចុប្បន្ន កុមារីរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។

ចំណែក រោគសញ្ញាដំបូង នៃជំងឺប្រភេទនេះ គឺនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាគ បន្ទាប់ពីគ្រូពេទ្យ បានព្យាបាល កុមារីរូបនេះ បានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យ ក៏បានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ បន្ទាប់មក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក៏បានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា​។

គួរឱ្យដឹងថា​ ជំងឺហ្ស៊ីកា​ (Zika Virus) មេរោគ Zika ត្រូវបានចម្លងជាចម្បង ដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។

មនុស្សភាគច្រើន ដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នក​ ដែល​មាន​រោគ​សញ្ញា​ជា​ធម្មតា​រួម​មាន​៖ កន្ទួល គ្រុនក្តៅ រលាក​សន្លាក់ ឈឺ​សាច់ដុំ និង​សន្លាក់ ឈឺ​ក្បាល និង​ឈឺ​ក្បាល​ដែល​មាន​រយៈពេល 2-7 ថ្ងៃ។

ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច)​ និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន។

មន្រ្តីក្រុមឆ្លេីយតបបន្ទាន់ គ្រប់ជាន់ថ្នាក់និងមន្ត្រី​ជំនាញពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ កំពុងចុះទប់ស្កាត់ការរីករាលដាល​ និងអង្គេតស្រាវជ្រាវរកប្រភពចម្លង​ ដេីម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់​ ។

មន្ត្រីសុខាភិបាល បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមបង្ការកុំឱ្យមូសខាំ​ ជាពិសេស​កុមារតូច​ និងស្រ្តីមានផ្ទៃពោះ​ ព្រមទាំងធ្វេីអនាម័យជុំវិញផ្ទះ​ឲ្យបានជាប្ចាំៗ ហើយ ក្នុងករណីមានរោគសញ្ញាដូចខាងលេី​ សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព​ និងមន្ទីរពេទ្យ​ ដែលនៅជិតផ្ទះឲ្យបានទាន់ពេល។
ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​លេខ​ ១១៥៕

អត្ថបទដែលជាប់ទាក់ទង