យុវជនឆ្នើម២រូប ឈ្នះពានរង្វាន់ជើងឯក យុវជនអេកូអាស៊ានលើកទីពីរ នៅប្រទេសឡាវ..!

រាជធានីភ្នំពេញ ៖ យុវជនកម្ពុជា ២រូប ដែលបានជ្រើសរើសដោយក្រសួងបរិស្ថាន ដើម្បីទៅចូលរួមប្រកួតនៅប្រទេសឡាវ បានជាប់ជាយុវជនឆ្នើម នៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ាន លើកទី២ (The 2nd ASEAN Youth Eco-Champions Award)​ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

យុវជនទាំងពីររូប មានឈ្មោះលោកស្រី ឱក សុចិន្តា និងលោក ហែម សុភេម។

ក្នុងចំណោមយុវជនឆ្នើមទាំងពីររូបនេះ លោកស្រី ឱក សុចិន្តា អ្នកផលិតមាតិកាអប់រំបរិស្ថាន ត្រូវបានគេស្គាល់ថា ជាស្ថាបនិក Zerow ដែលជា​សហគមន៍​អនឡាញ ​របស់អ្នកស្រលាញ់បរិស្ថាន នៅលើបណ្ដាញសង្គម ទទួល​បានពានរង្វាន់ជើងឯកយុវជន អេកូអាស៊ានលើកទីពីរ កម្រិត Senior។

ចំណែកយុវជនមួយរូបទៀត គឺលោក ហែម សុភេម យុវជនលេចធ្លោមួយរូប នៃក្រុមនិស្សិតប្លាស្ទិច-Nisset Plastic ទទួលបានពានរង្វាន់ជើងឯក យុវជនអេកូអាស៊ានលើកទីពីរ កម្រិត Junior។

តាមរយៈសារនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផេក យុវជនទាំងពីររូប បានបង្ហាញក្តីរំភើបរីករាយ បន្ទាប់ពីត្រូវបានជ្រើសរើសជាយុវជនឆ្នើម នៃពានរង្វាន់ជើងឯកយុវជន អេកូអាស៊ាន លើកទីពីរ ដោយ Ministry of Environment (The 2nd ASEAN Youth Eco-Champions Award Junior) ដែលបានរៀបចំឡើងនៅ ប្រទេសឡាវ។

លោកថា “ពានរង្វាន់នេះ គឺមិនមែនកើតចេញពីខ្ញុំម្នាក់ឯងនោះទេ តែវាកើតចេញពីយុវជនខ្មែរផ្សេងៗទៀត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មក្នុងកិច្ចការពារបរិស្ថាន ជាមួយ និស្សិតប្លាស្ទិច នាពេលកន្លងមក”។

គួរបញ្ជាក់ថា យុវជនទាំងពីររូប ជាយុវជនយុវនារីខ្មែរ ដែលចំណាយពេលវេលា​ធ្វើ​សកម្មភាព​ជាច្រើន ក្នុងការចូលរួមចំណែក ដើម្បីលើកកម្ពស់​ការយល់ដឹង ពីបញ្ហាបរិស្ថាន និងការថែទាំ​ផែនដី។

ត្រង់ចំណុចនេះ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ក៏ដូចជាយុវជនខ្មែរ ០១រូប ពិតជាមានមោទនភាពចំពោះក្រុមយុវជនបរិស្ថានខាងលើនេះណាស់ ដែលពួកគាត់បានចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការងារថែរក្សាបរិស្ថាន ដ៏លំបាកមួយនេះ..៕

អត្ថបទដែលជាប់ទាក់ទង