ពលរដ្ឋនិង​ភ្ញៀវទេសចរ សូមប្រយ័ត្នយានយន្ត របស់ខ្លួនផង ព្រោះក្រុងព្រះសីហនុ កើតមានចោរកម្មច្រើន..!

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ  បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះមធ្យោ​បាយយានយន្ត​គ្រប់ប្រភេទ ក៏ដូចជាផ្ទះសម្បែង ដើម្បីចូលរួមបង្ការទប់ស្កាត់ករណីលួច ករណីគាស់ផ្ទះសម្បែ​ង និងចូលរួមផ្ដល់ព័ត៌មាន ជូនសមត្ថកិច្ចអាជ្ញាធរ ទាក់ទិនបទល្មើសនានា ដែលបានដឹង និងបានឃើញ។

លោកអភិបាល លើកឡើងដូចនេះ ក្នុងឱកាស ចុះពិនិត្យដល់ទីតាំង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលបានចុះបង្ក្រាបបទល្មើស លួចម៉ូតូ និងទទួលផលចោរកម្ម​​ចំនួន ២ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ (ជនជាតិខ្មែរ៤នាក់ ជនជាតិចិន២នាក់) កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣​។​

កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបនៅទីតាំងកន្លែងបញ្ចាំចំនួន ២ទីតាំង ដែលទទួលផលពីអំពើចោរកម្ម និងមួយចំនួន ម្ចាស់យកទៅបញ្ចាំដោយខ្លួន​ឯង មានម៉ូតូពាក់ព័ន្ធចំនួន ៤៨គ្រឿង។

នាឱកាសនោះ លោក គួច ចំរើន បានកោតសរសើរដល់សមត្ថកិច្ចនគរបាល ដែលខិតខំបង្ក្រាបអំពើចោរកម្មនេះ និងស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ដែល​មានបាត់ម៉ូតូ ឬក៏បញ្ចាំ សូមមកពិនិត្យ និងយកឯកសារពាក់ព័ន្ធ មកអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅក្នុងសង្កាត់​លេខ៤ ក្រុងព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់យកម៉ូតូទៅប្រើប្រាស់វិញ។

យុទ្ធនាការខាងលើនេះ បានកើតឡើង ក្រោយទទួលបណ្ដឹងពីជនរងគ្រោះ ហើយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ទើបឈានដល់កម្លាំងនគរបាលគ្រប់ផ្នែក បានសហការធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ រួមមាន៖

១- ឈ្មោះ រ៉ូ វាសនា ហៅទីន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច)។

២- ឈ្មោះ ប៉ែន សំណាង ហៅ វីន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច)។

៣- ឈ្មោះ កែវ សុភី ហៅញ៉ាញ់ធំ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅក្រុមទី៣៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (មេក្លោង)។

៤- ឈ្មោះ ចាំង ហៃ ហៅយួន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (សមគំនិត )។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូពិតប្រាកដមែន។

កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បញ្ជាក់ថា បានចុះស្រាវជ្រាវ ទីតាំងកន្លែងទទួលបញ្ចាំម៉ូតូ ស្ថិតនៅក្រុមទី៣៧ ភូមិ០៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រកឃើញម៉ូតូចំនួន៤៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ០៩គ្រឿង ពាក់ព័ន្ធ និងអំពើលួច ទើបអធិការដ្ឋាននគរបាលក្រុងធ្វើការឃាត់ខ្លួន ជនសង្ស័យ ជនជាតិចិនចំនួន ០២នាក់ ភេទប្រុស នៅទីតាំងបញ្ចាំខាងលើយកមកសាកសួរ។

ជនសង្ស័យ ជនជាតិចិន ទាំង ០២នាក់ មានឈ្មោះ ៖
១- ឈ្មោះ YE YUMING ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ (សង្ស័យ ក្នុងអំពើទទួលផលចោរកម្ម)

២- ឈ្មោះ ZHAO JIANLIN ភេទ ប្រុស អាយុ ៥៤ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ (សង្ស័យ ក្នុងអំពើទទួលផលចោរកម្ម)។

ចំពោះ វត្ថុតាងចាប់យកបានរួមមាន៖

១- ម៉ូតូចំនួន ០៩គ្រឿង (ផលនៃអំពើលួច)។

២- ម៉ូតូចំនួន ៣៩គ្រឿង ដកហូតពីកន្លែងទទួលបញ្ចាំ ស្រាវបន្ត។

បច្ចុប្បន្ន ម៉ូតូទាំងអស់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនិតិវិធី និងស្វែងរកម្ចាស់។

ចំណែកជនសង្ស័យចំនួនទាំង ០៦នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង