លោក ញ៉ុក ឡូ អ្នកជួសជុលប្រាសាទបុរាណ ក្នុងតំបន់អង្គររយៈពេល២៥ឆ្នាំ

ខេត្តសៀមរាប ៖ លោក ញ៉ុក ឡូ អាយុ ៤៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បានចូលរួមបម្រើការងារជាអ្នកជួសជុលប្រាសាទបុរាណធ្វើពីថ្មភក់ នៅក្នុងតំបន់អង្គរ ប្រមាណ ២៥ឆ្នាំកន្លងមកហើយ និងទទួលបានជំនាញ និងបទពិសោធន៍ជាច្រើន ពីការបង្ហាត់បង្រៀន របស់អ្នកជំនាញលើផ្នែកនេះ។

លោក ញ៉ុក ឡូ មានប្រសាសន៍ថា ការងារជួសជុលប្រាសាទបុរាណមិនមែនងាយស្រួលនោះឡើយ ពីព្រោះប្រាសាទខ្លះ រលំបាក់ធ្វើឱ្យដុំថ្មធំៗ នៅរាយប៉ាយពេញដី ដែលទាមទារឱ្យអ្នកជួសជុល ប្រើកម្លាំងកាយ ការអត់ធ្មត់ខ្ពស់ ភាពប៉ិនប្រសប់ បទពិសោធន៍ ការសង្កេត និងទឹកចិត្តស្រឡាញ់ទើបអាចជួសជុល និងរៀបផ្គុំប្រាសាទ ឱ្យរឹងមាំឡើងវិញបាន។

លោក ញ៉ុក ឡូ ឱ្យដឹងទៀតថា ដោយសារមានការតាំងចិត្ត និងស្រឡាញ់មរតកដូនតា ចង់ឃើញប្រាសាទបុរាណ បាននៅគង់វង្សយូរអង្វែងតទៅទៀត ទើបលោកសម្រេចចិត្តធ្វើការងារ ជាអ្នកជួសជុលប្រាសាទបុរាណ តាំងពីឆ្នាំ១៩៩៨។

បន្ទាប់ពីធ្វើការជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល ២៥ឆ្នាំមក លោក ញ៉ុក ឡូ បានក្លាយជាធនធានមនុស្សមួយរូបដែលកម្រ ដោយលោកមានជំនាញស្គាល់ថ្ម ចេះមើលថ្ម មើលក្បាច់ចម្លាក់ថ្ម ដែលនៅរ៉ាយបាយលើដី សម្រង់ប្លង់ ព្រមទាំងអាចរើសយកថ្មទាំងនោះ មករៀបផ្គុំនៅតាមទីតាំងដើមឡើងវិញ ដើម្បីថែរក្សាបាន នូវតម្លៃដើមរបស់ប្រាសាទបុរាណទៀតផង។

ថ្វីត្បិតតែ លោក ញ៉ុក ឡូ ជាអ្នកជំនាញផ្អែកជួសជុលប្រាសាទបុរាណ មានជំនាញស្គាល់ថ្ម ចេះមើលថ្ម មើលក្បាច់ថ្ម ដែលនៅរ៉ាយបាយលើដី ដែលអាចយកថ្មទាំងនោះ មករៀបផ្គុំនៅតាមទីតាំងដើមឡើងវិញ ក៏ប៉ុន្តែ ការងារជួសជុល អភិរក្សលើកតម្លៃប្រាសាទបុរាណឡើងវិញ បានរឹងមាំ គឺដោយមានការចូលរួមពីអ្នកជំនាញជាច្រើនផ្នែកផ្សេងទៀត ដើម្បីឱ្យការងារទាំងនោះ អាចដំណើរការទៅបានដោយជោគជ័យ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងលោក ញ៉ុក ឡូ

អត្ថបទដែលជាប់ទាក់ទង