ខេត្តមណ្ឌលគិរី ក្លាយជាគោលដៅទេសចរណ៍ ដ៏ពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូក

ខេត្តមណ្ឌលគិរី ៖ ភ្ញៀវទេសចរច្រើនកុះករ បានសម្រុកចេញទៅកម្សាន្ត នៅខេត្តមណ្ឌលគិរី ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក។ ក្នុងនោះ ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរ ជិត១ម៉ឺននាក់ បានចូលមកកម្សាន្តលំហែរកាយ ខណៈអាជ្ញាធរខេត្តមណ្ឌលគិរី ក៏បានរៀបចំកម្មវិធីសប្បាយជាច្រើន ដើម្បីទទួលភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ មានដូចជា ៖ នៅចំណុចទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យជាដើម។

លោក សាន់ ដារិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ឆ្នាំនេះ ពិតជាប្លែក ព្រោះមានភ្ញៀវទេសចរច្រើនកុះករ បានទៅកម្សាន្តលំហែរតាមរមណីយដ្ឋានទេសចរណ៍នានាជាច្រើនក្នុងខេត្ត ហើយនេះ ក៏ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តមណ្ឌលគិរី ដែលមានការបណ្ដែតប្រទីប ព្រោះកន្លងមក សកម្មភាពនេះ ពុំធ្លាប់មានពីមុនមកនោះទេ។

ចំណែក តាមបណ្ដាស្រុក ក៏មានរៀបចំពិធីកម្សាន្តសប្បាយៗ ដូចគ្នាដែរ មានដូចជា ៖ នៅស្រុកកោះញែក ដោយមានការរៀបចំពិធីប្រណាំងទូក ដែលបង្ហាញឲ្យពីភាពអភិវឌ្ឍន៍ ទៅមុខម្ដងបន្តិចៗ សម្រាប់ខេត្តមណ្ឌលគិរី។

លោកបន្តថា នៅចំណុចទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើនបែបជូនពុកម៉ែបងប្អូនលេងសប្បាយ ..។  ប៉ុន្តែយ៉ាងណា លោកបានអំពាវនាវឲ្យមានការទុកដាក់ សម្រាមឲ្យបានត្រឹមត្រូវ និងសូមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន។

ដោយឡែក ភ្ញៀវទេសចរ ដែលមកលេងខេត្តមណ្ឌលគិរី បានលើកឡើងដែរថា លោកបានមកកម្សាន្តខេត្តមណ្ឌលគិរីច្រើនលើកមកហើយ ប៉ុន្តែនៅតែចង់មកកម្សាន្ត ម្ដងហើយម្ដងទៀត ព្រោះនៅទីនេះ មានទេសភាពស្អាត រមណីយដ្ឋានទេសចរសម្បូរបែប ហើយចំណុចពិសេស របស់ខេត្តមណ្ឌលគិរី ដែលលោកពេញចិត្តបំផុត គឺរដូវកាល ដែលមានទេសភាពវាលស្មៅពណ៌បៃតង។

សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ខេត្តមណ្ឌលគិរី បានទាក់ទាញចំណាប់អារម្មណ៍ អ្នកទេសចរយ៉ាងច្រើន ចូលមកម្សាន្តលំហែរកាយ ដោយនៅតាមបណ្ដាផ្ទះសំណាក់ សណ្ឋាគារ និងរីសត ភ្ញៀវទេសចរ បានទាក់ទងកក់បន្ទប់ស្នាក់នៅ សឹងតែពេញបន្ទប់អស់ ហើយភ្ញៀវទេសចរ ដែលមកកម្សាន្តក៏មិនខកបំណង ពីព្រោះរដូវកាលនេះនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមធ្លាក់ខ្យល់រងារ ខ្យល់អាកាសល្អបរិសុទ្ធ និងមានទេសភាពស្រស់បំព្រង ដែលអ្នកទេសចរ ត្រូវការបំផុត ពីខេត្តមណ្ឌលគិរី ៕

អត្ថបទដែលជាប់ទាក់ទង