ស្ថានទូតអាមេរិក ផ្ដល់មូលនិធិឯកអគ្គរដ្ឋទូត ៤៥ម៉ឺនដុល្លារ លើការអភិរក្សវប្បធម៌ និងជួសជុលប្រាសាទភ្នំបាខែង

ស្ថានទូតអាមេរិកផ្ដល់មូលនិធិឯកអគ្គរដ្ឋទូតចំនួន៤៥ម៉ឺនដុល្លារលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែង

ខេត្តសៀមរាប ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយទឹកប្រាក់ ៤៥ម៉ឺនដុល្លារ សម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការ World Monument Fund នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រី ភឿង សកុណា មានប្រសាសន៍ថា សហរដ្ឋអាមេរិក មិនត្រឹមតែផ្ដល់ជំនួយ សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដ៏ទៃទៀត ក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ គឺកន្លងមកអាមេរិក ក៏បានជួយជាច្រើនដូចជា៖ គម្រោងជួសជុលជណ្ដើរខាងជើង របស់ប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណ របស់ខ្មែរមួយចំនួន ឱ្យវិលត្រឡប់មកមាតុភូមិវិញផង។

លោកស្រី ភឿង សកុណា បន្តថា កិច្ចសហប្រតិបត្តិការ នៃជំនួយរបស់អាមេរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំង រវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ និងជាពិសេស មិនត្រឹមតែបានជួយជ្រោមជ្រែងលើការជួសជុលប្រាង្គប្រាសាទទេ តែថែមទាំងបានជួយសម្របសម្រួល ក្នុងការនាំយកមកវិញ នូវវត្ថុសិល្បៈ ដែលកម្ពុជា បានបាត់បង់ជាយូរឆ្នាំកន្លងមកផងដែរ។

ចំណែក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy មានប្រសាសន៍ថា មូលនិធិឯកអគ្គរដ្ឋទូត លើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែង ដែលបានចុះកិច្ចព្រមព្រៀងនាពេលនេះ គឺជាគម្រោងមួយ ប្រកបដោយលទ្ធផលល្អប្រសើរនាពេលកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ដែលបានជួយជ្រោមជ្រែងដល់ កិច្ចសហប្រតិបត្តិការ ជំរុញឱ្យគម្រោងនេះ ដំណើរការមានប្រសិទ្ធិភាពខ្ពស់ ហើយមានលទ្ធផលជាផ្លូវផ្កាគួរឱ្យជាទីមោទន។

ការជួយជំរុញបន្តលើគម្រោងនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាប្រជាជនអាមេរិក មកលើការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ប្រាសាទភ្នំបាខែង កសាងឡើងតាំងពីឆ្នាំ៩០៧ នៃគ្រីស្តសករាជ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះ ស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ ដែលបច្ចុប្បន្នប្រាសាទនេះ កំពុងទាកទាញភ្ញៀវទេសចរ ចម្រុះជាតិសាសន៍យ៉ាងខ្លាំងឱ្យឡើងទៅទស្សនា ទេសភាពពេលថ្ងៃរៀបលិចព្រមទាំងជាកន្លែងដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋ ឡើងទៅហាត់ប្រាណជារៀងរាល់៕

អត្ថបទដែលជាប់ទាក់ទង