រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ភ្ញៀវទេសចរ ចូលមកកម្សាន្តខេត្តព្រះសីហនុ មានជាង២៦ម៉ឺននាក់ គឺធ្លាក់ចុះ២៣ភាគរយ បើធៀបឆ្នាំមុន..!

ខេត្តព្រះសីហនុ ៖ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចូលទៅទស្សនាកម្សាន្តតាមតំបន់នានា ក្នុងខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ឆ្នាំ២០២៣នេះ បានធ្លាក់ចុះជាង ២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២។ ប៉ុន្តែចំពោះ សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ គឺមានភាពរលូន ហើយភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ មានភាពសប្បាយរីករាយ។

ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បានឲ្យដឹងកាលពីថ្ងៃទី២៩ ខែវិច្ឆិកានេះថា អំពីស្ថានភាពភ្ញៀវទេសចរ ដែលចូលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ គឺឆ្នាំនេះ ភ្ញៀវទេសចរផ្ទៃក្នុង ឬភ្ញៀវក្នុងស្រុក សរុបមានចំនួន ២៦២.៤១១នាក់ គឺបានថយចុះ ២៣,៤២ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៥៥.២៣៣នាក់ គឺថយចុះ ២៥,១៩ភាគរយ និងភ្ញៀវបរទេស ឬភ្ញៀវអន្តរជាតិ មានចំនួនសរុប ៧,១៧៨នាក់ គឺកើនឡើង១៣,៧៣ភាគរយ។
លោក គ្រឹស្នា ឳ្យដឹងបន្តទៀតថា បុណ្យអុំទូកឆ្នាំនេះ គឺមានភ្ញៀវទេសចរ ធ្វើដំណើរចូលតាមព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ មានចំនួន ០៦ជើង ឬស្មើនឹងចំនួនភ្ញៀវសរុប ២៦៦នាក់ គឺកើនឡើង ៦,៨២ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិ ចំនួន ០៩នាក់ គឺថយចុះ ៤៣,៧៥ភាគរយ និង ភ្ញៀវអន្តរជាតិ ២៥៧នាក់ គឺកើនឡើង ១០,៣០ភាគរយ »។ ចំណែក ភ្ញៀវទេសចរ ដែលចូលទៅកម្សាន្តតាមបណ្តាកោះនានា មានចំនួនសរុប ២.៤៣១នាក់ គឺថយចុះ១២,៥៥ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ១.០៦២នាក់ គឺថយចុះ ៤៥,៤៨ភាគរយ និងភ្ញៀវបរទេសមានចំនួន ១.៣៦៩នាក់ គឺកើនឡើង ៦៤,៣៤ភាគរយ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឳ្យដឹងដូច្នេះ រួចបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរ មកកម្សាន្តនៅតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា សរុប មានចំនួន ២៥៩.៧១៤នាក់ គឺបានថយចុះ ២៣,៥៣។ ក្នុងនោះ ភ្ញៀវជាតិ ២៥៤,១៦២នាក់ គឺថយចុះ ២៣,៩៨ភាគរយ និងភ្ញៀវបរទេស មានចំនួន ៥,៥៥២នាក់ គឺកើនឡើង ៥,៨៣ភាគរយ ។

លោក តាំង សុចិត្រគ្រឹស្នា បញ្ជាក់ថា « ចំពោះមូលហេតុ ដែលនាំឳ្យខេត្តព្រះសីហនុ ធ្លាក់ចុះចំនួនភ្ញៀវទេសចរ ក្នុងរយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អាចដោយសារកត្តាសំខាន់ៗមួយចំនួនរួមមាន៖ ឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជា ឬនៅរាជធានីភ្នំពេញ មិនមានការរៀបចំ ព្រះរាជពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែឆ្នាំ២០២៣នេះ មានរៀបចំព្រះរាជពិធីបុណ្យអុំទូកធំ នៅរាជធានីភ្នំពេញ ហើយប្រជាភាគច្រើនបានអញ្ចើញទៅទស្សនា ឬចូលទៅកម្សាន្តមើលពិធីប្រណាំងទូក ដោយផ្ទាល់ ដែលនាំឳ្យចំនួនភ្ញៀវទេសចរ ចូលមកទស្សនាខេត្តព្រះសីហនុ បានថយចុះបន្តិច »។

លោក គ្រឹស្នា បន្តថា « កត្តាមួយទៀត គឺឆ្នាំមុន ខេត្តព្រះសីហនុ ទើបបើកសម្ភោធផ្លូវល្បឿនលឿន ហើយគួបផ្សំការអភិវឌ្ឍនៅខេត្តព្រះសីហនុ មានការប្រែប្រួលរីកចំរើនខ្លាំងលើគ្រប់ហេដ្ឋារចនាសម្ពន្ធ និងការងើបរួចផុតពីជំងឺកូវីដ-១៩ផង គឺឆ្នាំមុន មានមនុស្ស ឬភ្ញៀវទេសចរ បានសម្រុកចូលមកទស្សនា ឬកម្សាន្តខេត្តព្រះសីហនុ យ៉ាងច្រើនកុះករ។ ម៉្យាងអាចដោយសារតែពួកគាត់ ចង់មកមើលផ្លូវល្បឿនលឿន ឬក៏ចង់សាកល្បងបើកបរលើផ្លូវល្បឿនលឿន ដែលទើបសាងសង់ និងដាក់ឳ្យប្រើប្រាស់ ជាលើកដំបូងនៅកម្ពុជា ទើបចំនួនភ្ញៀវទេសចរ ចូលមកទស្សនាកើនច្រើន។ ហើយចំ ពោះឆ្នាំ២០២៣នេះ អាចក្លាយជារឿងធម្មតា ដោយប្រជាពលរដ្ឋ ឬភ្ញៀវទេសចរលែងបាកសម្រុកចូលមកទស្សនាខេត្តព្រះសីហនុ ច្រើនទៀតហើយ។ ហើយពួកគាត់ ចង់ធ្វើដំណើរទៅទស្សនាបណ្តាខេត្តផ្សេងៗទៀត ដែលពួកគាត់មិនធ្លាប់ចុះទៅដល់ ឬមិនទាន់បានស្គាល់ »។

ទោះជាបែបនេះក្តី លោក គឺ្រស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានមោទនភាពថា ក្នុងចំណោមខេត្តទាំងអស់ នៅទូទាំងព្រះរាជណាចក្រកម្ពុជា ដែលភ្ញៀវទេសចរចូលទៅទស្សនា គឺខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺទាបជាងតែរាជធានីភ្នំពេញមួយប៉ុណ្ណោះ នៅក្នុងរយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។

ចំពោះតម្លៃម្ហូបអាហារ ឬសេវាស្នាក់នៅវិញ លោក គ្រឹស្នា បានឳ្យដឹងដែរថា មិនមានបញ្ហាល្អកកករ រវាងប្រតិបត្តិករទេសចរ និងភ្ញៀវទេសចរ ដែលបានចូលទៅពិសាអាហារ និងការស្នាក់នៅ នៅតាមទីតាំងនីមួយៗនោះទេ ពោលគឺ ស្ទើរគ្រប់ទីតាំងសេវាបំរើទាំងអស់ ត្រូវបានប្រតិបត្តិករទេសចរ បានកំណត់តម្លៃសមរម្យ។ ជាពិសេសនៅមុនពិធីបុណ្យអុំទូកចូលមកដល់ ឬជាបន្តបន្ទាប់មកនេះ ខាងមន្ទីរទេសចរណ៍ខេត្ត ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំ និងអញ្ចើញប្រតិបត្តិករ ឬអាជីវករអ្នកបំរើសេវាទេសចរណ៍ទាំងអស់ នៅក្នុងខេត្តព្រះសីហនុនេះ មកណែនាំ និងអប់រំ ហើយពួកគាត់បានចូលរួមគាំទ្រអស់គ្នា ដោយសន្យាមិនតម្លៃតម្លៃសេវាផ្សេងៗដល់ភ្ញៀវនោះទេ។

យ៉ាងណា លោក សុចិត្រគ្រឹស្នា បញ្ជាក់ថា « អាចមានអាសមុទ្រមួយចំនួន ត្រូវបានអាជីវករនៅទាមទីតាំងខ្លះ តម្លើងថ្លៃបន្តិចបន្តួចដែរ ដូចជា ៖ « ក្តាមសេះ និងក្តាមថ្មជាដើម ហើយការតម្លើងថ្លៃនេះ ដោយសារតែរដូវបុណ្យទាន មិនមានប្រជាពលរដ្ឋ ឬប្រជានេសាទ ចុះធ្វើរបរនេសាទច្រើនទេ ហើយក៏បានតម្លើងតម្លៃអាហារសមុទ្រនេះ តាមគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ »។

ងាកមកប្រតិបត្តិករបំរើសេវាទេសចរណ៍ នៅឆ្នេរអូរឈើទាល មានយីហោ ៨៨៨ និង ខនន័រ គឺ លោក គឹម ប៊ុនធឿន បានឳ្យដឹងដែរថា សម្រាប់តម្លៃម្ហូបអាហារ និងសេវាផ្សេងៗ ដែលមានដាក់បំរើជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅហាងទាំងពីរនេះ គឺមានតម្លៃសមរម្យ និងមិនមានករតម្លើងតម្លៃលើគ្រប់មុខម្ហូប និងភេសជ្ជៈគ្រប់មុខ។ ពោលគឺ តម្លៃលក់ទាំងម្ហូបអាហារ និងភេសជ្ជៈគ្រប់ប្រភេទ នៅហាង ៨៨៨ និង ខនន័រ គឺលក់ក្នុងតម្លៃធម្មតា ទោះបីក្នុងពិធីបុណ្យជាតិធំៗ ឬថ្ងៃចុងសប្តាហ៍ក្តី គឺមិនមានការតម្លើងតម្លៃ ឬលក់កោរភ្ញៀវ នាំឳ្យភ្ញៀវអាក់អត់ចិត្តនោះទេ គឺលក់ក្នុងតម្លៃដូចថ្ងៃធម្មតាតែប៉ុណ្ណោះ។ ហើយ អាហារសមុទ្រ ភេសជ្ជៈគ្រប់ប្រភេទ និងមុខម្ហូបផ្សេងៗ គឺស្រស់ៗ និងចំអិនជូនភ្ញៀវ មានអនាម័យបំផុត។

លោក ប៊ុនធឿន រៀបរាប់ទាំងមោទនៈថា « អាចដោយសារតែហាងរបស់លោក លក់ជូនភ្ញៀវ មានតម្លៃម្ហូបអាហារសមរម្យ មានអនាម័យ និងស្រស់ៗបែបនេះហើយ ទើបហាង ៨៨៨ និងខនន័រ មានភ្ញៀវមកចូលរួមគាំទ្រជាបន្តបន្ទាប់ពេញៗហាង មិនថា ថ្ងៃដើមសប្តាហ៍ ថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិធំៗនោះទេ គឺហាងនេះ តែងមានភ្ញៀវមកគាំទ្រជាប់ជានិច្ច។ ហើយ ក៏មានភ្ញៀវជាច្រើន បានទូរស័ព្ទកក់តុ ឬកម្មង់ឳ្យហាងនេះ ចម្អិនអាហារទុកជូនជាមុនផងដែរ »។

ចំណែក បុរសអ្នកគ្រប់គ្រងផ្ទះសំណាក់យីហោ មាន មាន ក៏បានបញ្ជាក់ដែរថា « ចំពោះតម្លៃសេវាស្នាក់នៅក្នុងផ្ទះសំណាក់មួយនេះ គឺមិនមានការតម្លើងថ្លៃនោះទេ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។ ហើយភ្ញៀវ បានចូលមកគាំទ្រ និងមកទទួលសេវាស្នាក់នៅ ក្នុងផ្ទះសំណាក់នេះជាបន្តបន្ទាប់។ ព្រោះភ្ញៀវធ្វើដំណើរមកកម្សាន្ត ដើម្បីចង់បានភាពសប្បាយរីករាយក្នុងក្រុមគ្រួសារ។ ដូច្នេះ ផ្ទះសំណាក់ មាន មាន បានពង្រឹងទាំងវិន័យបុគ្គលិកគ្រប់ផ្នែក ទាំងគុណភាពអនាម័យបរិស្ថាន ក្នុងបន្ទប់ស្នាក់នៅ និងសន្តិសុខជូនភ្ញៀវ ក៏ដូចជាសេវាបំរើផ្សេងៗ មិនធ្វេសប្រហែសទេ គឺទទួលបំរើតាមតម្រូវការរបស់ភ្ញៀវ ដោយភាពរីករាយ និងឆាប់រហ័ស »។
ទាក់ទិនបញ្ហាសន្តិសុខវិញ លោក តី វិសាល អធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ មានប្រសាសន៍ខ្លីថា « រយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺមិនឃើញកើតមានបញ្ហាអសន្តិសុខ សណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរណ៍កើតឡើងធំដុំ នៅតាមដងផ្លូវសាធារណៈ គួរឲ្យកត់សម្គាល់នោះទេ ពោលគឺកម្លាំងជំនាញគ្រប់ស្ថាប័ន រួមទាំងកម្លាំងអធិការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការការពារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីរង់ចាំការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយការទទួលខុសត្រូវខ្ពស់ »។

ទាក់ទិន ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះដែរ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លើកឡើងថា « រយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបជាង ២៦ម៉ឺននាក់ ដែលចំនួននេះ គឺច្រើនគួរសម។ ហើយ ចំពោះការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរជាតិ-អន្តរជាតិ វិញ គឺមានភាពល្អប្រសើរ ដោយយមិនឃើញកើតមានបាតុភាពណាមួយ ឬបញ្ហាណាមួយ កើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ពោលគឺបទល្មើស ចោរឆក់ ចោរប្លន់ និងបទល្មើសផ្សេងៗ មិនមានកើតឡើងទេ។ ដោយគ្រាន់តែកើតមានករណីប្រជាពលរដ្ឋ វង្វេងបាត់កូន ឬបាត់ក្មេងប៉ុន្មានាក់តែប៉ុណ្ណោះ តែក្រោយមក ត្រូវកម្លាំងសមត្ថកិច្ចគ្រប់ជំនាញ បានពង្រាយកម្លាំងសហការគ្នា ស្វែងរកក្មេងៗវង្វេងបាត់ខ្លួននោះ នាំយកទៅប្រគល់ជូនអាណាព្យាបាលពួកគេវិញ ដោយរលូន »៕
ដោយ៖ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង