មហាព្រឹត្តិការណ៍វប្បធម៌រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើងនៅលើទឹកដីអង្គរ

ខេត្តសៀមរាប ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីសម្តែងសិល្បៈទស្សនីយភាព ក្នុងព្រឹត្តិការណ៍ «រាត្រីចង់ចាំ» លើកទី៤ ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបគម្រប់ ៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងដើម្បីរួមចំណែកជំរុញ នៃវិស័យទេសចរណ៍តំបន់សៀមរាប-អង្គរ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញគឺ ទស្សនាសៀមរាបឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅក្រោម អធិបតីភាព លោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងវត្តមាន លោក លោកស្រី សិល្បករ សិល្បការិនី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។

នាឱកាសនោះ លោកស្រី ម៉ននី រង្សី អភិបាលរង ខេត្តសៀមរាប មានប្រសាសន៍ ដោយចាត់ទុក ការរៀបចំព្រឹត្តិការណ៍ រាត្រីចងចាំលើកទី៤ នៅលើទឹកដីអង្គរនេះ ថាជាចលករ បំផុសឱ្យសាធារណជន ទាំងជាតិ និងអន្តរជាតិ បានយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ក៏ដូចជារួមចំណែកផ្សព្វផ្សាយ អំពីបរិស្ថានបៃតង ថែរក្សាការពារ និងលើកតម្កើងតម្លៃ បេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ដោយផ្សារភ្ជាប់ទៅនឹងសក្តានុពល វិស័យទេសចរណ៍នៅ ព្រះរាជាណាចក្រកម្ពុជា។

ជាមួយនោះ ក៏នឹងធ្វើឱ្យសាធារណជន ក៏ដូចជាភ្ញៀវបរទេសបានស្គាល់ និងយល់កាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព ព្រមទាំងចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។

ចំណែក លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជាសេនាធិការ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ ការអភិរក្សការពារ និងលើកតម្លៃវប្បធម៌ អរិយធម៌ជាតិ នឹងបាននាំយកសម្បត្តិបេតិកភណ្ឌទាំងរូបីនិងអរូបី ទៅចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលនេះជាមោទនភាព របស់ប្រជាជនកម្ពុជាទាំងមូលផងដែរ។

លោកស្រីបន្តថា អង្គរ ក៏ដូចជាប្រាង្គប្រាសាទនានា ក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាញើសឈាម របស់បុព្វបុរសដូនតាយើង។ ជាក់ស្តែងប្រាសាទអង្គរវត្តគឺជាអត្តសញ្ញាណ ជាព្រលឹង និងជាកិត្យានុភាព របស់ជាតិខ្មែរ នឹងបានជួយលើកស្ទួយសេដ្ឋកិច្ចជាតិតាមរយៈ ការបង្កើតការងារជាច្រើន ដូចនេះកូនខ្មែរគ្រប់ជំនាន់មានកាតព្វកិច្ចត្រូវគោរពដឹងគុណ នូវស្នាដៃរបស់ដូនតា ព្រោះថា ការដឹងគុណ ជាគុណធម៌ របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជា និងទូទាំងសកលលោក។

លោកដ្រីរដ្ឋមន្ត្រី បានចាត់ទុកការជួបជុំ ក្នុងកម្មវិធីរាត្រីចងចាំនេះទៅបាន គឺអាស្រ័យដោយកត្តាប្រទេសជាតិ មានសុខសន្តិភាព ដែលសន្តិភាពនេះ បានមកពីការលះបង់យ៉ាងប្តូរផ្តាច់ របស់សម្តេចតេជោសែន តាមរយៈគោលនយោបាយឈ្នះ ឈ្នះ និងការចូលរួមពីឥស្សរជនស្នេហាជាតិ និងបងប្អូនប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស។ ហេតុនេះយើង ត្រូវរក្សាសន្តិភាព ដែលរកបានមកដោយលំបាកនេះកុំឱ្យបាត់បង់ ទោះក្នុងករណីណាក៍ដោយ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន មានប្រសាសន៍ថា  ព្រឹត្តិការណ៍នេះ គឺបង្ហាញពីមោទកភាពជាតិ មហាអំណាច នៃវប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏យូរលង់ ក៏ដូចជា ដើម្បីផ្សព្វផ្សាយបន្ថែមនូវសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើង នូវពាក្យស្លោក កោះសន្តិភាព ដែលមានចែងក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ។

រីឯគោលដៅសំខាន់មួយទៀត គឺដើម្បីរំលឹក និងដាស់តឿនប្រជាពលរដ្ឋកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគតឱ្យចងចាំ និងប្តេជ្ញាចិត្តត្រូវថែរក្សាការពារវប្បធម៌ និងអរិយធម៌ជាតិ ជាពិសេស ប្រាង្គប្រាសាទ និងបុរាណដ្ឋានទាំងអស់ ដើម្បីជាការតបស្នងសងគុណ ដល់បុព្វការីជនគ្រប់ជំនាន់ ទាំងជាតិ និងអន្តរជាតិ ដែលបានខិតខំកសាង លះបង់កាយចិត្ត ស្មារតី ក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗទៀត ដែលជាមរតកវប្បធម៌ជាតិ ដ៏មានតម្លៃមហាសាល របស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង