ចាប់ខ្លួនប្រធាននិងអនុប្រធាន ​ក្រុមហ៊ុនអភិវឌ្ឍន៍អចលនព្រទ្យ តេជៈមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទរំលោភលើទំនុកចិត្ត

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យពីរនាក់ ដែលគេស្គាល់ថា ជាប្រធាន និងអនុប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ តេជៈមានជ័យ ឯ.ក ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ការចាប់ខ្លួន ប្រធាន និងអនុប្រធាន ពីររូបនេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួន ក្នុងម្នាក់ៗចំនួនបួនដីកា រួចមកហើយ ទើបកម្លាំងអាវុធហត្ថក្រុងច្បារមន សហការជាមួយ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

លោក​វរសេនីយ៍ ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន បញ្ជាក់ថា ប្រធានក្រុមហ៊ុន និងអនុប្រធានក្រុមហ៊ុនខាងលើនេះ អនុវត្តតាមដីកា​ របស់សាលាដំបូងខេត្តកំពង់ស្ពឺ គឺមានឈ្មោះ ទិត តុន ភេទប្រុស អាយុ ៤២ឆ្នាំ ជាប្រធាន និងឈ្មោះ អឹង ណៃហួយ ភេទស្រី អាយុ ៣៣ឆ្នាំ ជាប្រពន្ឋផង ជាអនុប្រធានក្រុមហ៊ុនផង មានទីលំនៅបច្ចុប្បន្នភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពីបទរំលោភលើទំនុកចិត្ត ដោយចៅក្រមស៊ើបសួរ នាង ស៊ីណៃ នៃសាលាដំបូងខេត្តកំពង់ស្ពឺ លេខ១៦១១១ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

​លោក ធី ឆៃ បានបន្តថា កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ​ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានបញ្ជូនជនសង្ស័យទាំងពីរនាក់ ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ រួចហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង