ប្រទះឃើញចម្លាក់បដិមាថ្មភក់ ចំនួន៦នៅខ្លោងទ្វារខាងត្បូង របស់ប្រាសាទតាព្រហ្ម

ខេត្តសៀមរាប ៖ ក្រុមការងារជួសជុលប្រាសាទបុរាណ របស់អាជ្ញាធរជាតិអប្សរា នៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន ៦ដុំនៅក្នុងការដ្ឋាន ដែលកំពុងតែជួសជុល។

បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានដូចជា៖ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម ១ផ្ទាំងទៀត។

អ្នកស្រី នេត ស៊ីមន បន្តទៀតថា រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដី របស់ខឿនខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅពេល ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្ម នៃរចនាសម្ពន្ធខ្លោងទ្វារ ដែលនៅរាយប៉ាយ ដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញ តាមបច្ចេកទេស អាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា/ភោគ ជា/អ្នកស្រី នេត ស៊ីមន

អត្ថបទដែលជាប់ទាក់ទង