អាជ្ញាធរខេត្តមណ្ឌលគិរី  ប្រារព្ធទិវាបរិស្ថានជាតិឆ្នាំ២០២៣ ក្រោមប្រធានបទ«ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន»

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី  បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមប្រធានបទ«ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន» ដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបទ ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ ថែរក្សា និងជាពិសេស ការសម្អាតអនាម័យបរិស្ថាន ឲ្យបានជាប្រចាំ។

កម្មវិធីនេះ ប្រព្រឹត្តទៅនៅក្នុងបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា បច្ចុប្បន្ននេះ ដោយសារកំណើនប្រជាជន ខេត្តមណ្ឌលគិរី បានជួបប្រទះ នូវបញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមាន៖ បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជន ដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាម នាពេលបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។

លោកបន្តថា សំណល់សំរាមមួយចំនួន ជាពិសេសសំណល់ប្លាស្ទិក ត្រូវបានប្រជាពលរដ្ឋខ្លះដុត និងខ្លះបានបោះចោលទៅក្នុងទឹក និងទីសាធារណៈ បង្កគ្រោះថ្នាក់សម្រាប់ជីវចម្រុះ ដែលមនុស្សគ្រប់ៗគ្នា  កំពុងយកចិត្តទុកដាក់។

ទទ្ទឹមគ្នានេះ ការចូលរួម របស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន គឺជាការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ សំដៅដល់ការរស់នៅប្រកបដោយសុខុមាលភាព និងចីរភាពរបស់ប្រជាជន នៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។

ឆ្លើយតបគោលបំណង ក្នុងថ្ងៃប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្នុងខេត្តមណ្ឌលគិរី នេះដែរ លោកអភិបាលខេត្តមណ្ឌលគិរី បានផ្តល់អនុសាសន៍មួយចំនួនទៀត ដល់ការថែរក្សាបរិស្ថាន ក្នុង​ខេត្តនេះ រួមមាន ៖ អនាម័យខ្លួនឯងជាប្រចាំ ទុកដាក់ និងញែកសំរាម ឲ្យត្រូវក្នុងធុង កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្រឡាញ់ការពារសត្វព្រៃ និងដាំដើមឈើ ជាពិសេស ត្រូវខិតខំសិក្សារៀនសូត្រ។

លោក ថង សាវុន ឲ្យដឹងដូច្នេះ រួចក៏បានដាស់តឿនក្រើនរម្លឹក និងជំរុញដល់គ្រប់បណ្តាលមន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថាន ឲ្យបានជាប់ជាប្រចាំ នៅតាមមូលដ្ឋាន របស់ខ្លួន ជាពិសេស ស្នើឲ្យអាជ្ញាធរមូលដ្ឋាន  និងអ្នកពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ពីការគ្រប់គ្រង ការទុកដាក់សំរាម និងសំណល់រឹង ឲ្យបានត្រឹមត្រូវ។

ទាក់ទិនបញ្ហានេះ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក ឆៅ ប៊ុនធឿន បានឱ្យដឹងថា ការប្រារព្វទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៣ឆ្នាំនេះ ក្នុងគោលបំណង ដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបទ របស់ប្រជាជនទាំងអស់គ្នា ឲ្យចេះស្រឡាញ់ ចេះថែរក្សា និងចូលរួមសម្អាតអនាម័យបរិស្ថាន នៅក្នុងតំបន់ទេសចរណ៍ នៃខេត្តមណ្ឌលគិរី ឲ្យកាន់តែមានភាពស្រស់ស្អាត និងមានភាពបៃតងគួរឲ្យចង់ទស្សនា និងសម្រាកលំហែកាយ។

លោក បន្តថា ការប្រារព្វទិវានាពេលនេះ នឹងក្លាយទៅជាចលករមុនដំបូងគេ ក្នុងការចូលរួម ដើម្បីជួយជំរុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដែលផ្តើមចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវរៀបចំទុកដាក់កាកសំណល់ ដោយមិនចោលសំរាមពាសវាលពាសកាលតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភណ័ភាពបរិស្ថាន។ បន្ថែមលើនេះ ពលរដ្ឋទាំងអស់គ្នា ត្រូវផ្តើមសកម្មភាពក្នុងការកាត់បន្ថយ និងការបំពុលដោយប្លាស្ទិក ក្នុងកិច្ចគាំពារបរិស្ថាន នៅក្នុងខេត្តមណ្ឌលគិរី ដែលជាខេត្តសម្បូរ ទៅដោយធនធានធម្មជាតិ ជីវៈចម្រុះ និងប្រភេទសត្វព្រៃគ្រប់ប្រភេទ ដ៏គួរឲ្យទាក់ទាញ៕ ដោយ ៖ សារ៉េត

អត្ថបទដែលជាប់ទាក់ទង