ករណីសិស្សបង្កហិង្សា នៅមូលដ្ឋានខណ្ឌកំបូល នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការថ្ងៃស្អែកនេះ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីសិស្សសាលាបង្កហិង្សា នៅមូលដ្ឋានខណ្ឌកំបូលថ្មីៗនេះ កម្លាំងនគរបាលជំនាញ សម្រេចកសាង​សំណុំរឿងបញ្ជូន ជនសង្ស័យចំនួន ០៥នាក់ ទៅកាន់តុលាការបន្តនីតិវិធី។ ហើយថា ករណីនេះ មិនអនុវត្តវិធានការអប់រំទេ ពោលគឺ នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្ដន្ទាទោស ដោយប្រឈមនឹងបទចោទ ” ហិង្សាដោយចេតនា “។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ថា “សិស្សសាលាមួយក្រុមមានគ្នា​ ០៥នាក់ ក្នុងនោះមានប្រុស​ចារឹក​ស្រី (ភេទទី៣ម្នាក់) និងសិស្សស្រីចំនួន ៤នាក់ទៀត ដែលប្រើហិង្សាលើសិស្សរងគ្រោះបង្ហាញពីភាពឃោរឃៅ នឹងបញ្ជូនទៅតុលាការស្អែកនេះ”។

លោកបន្តថា ក្រោយកម្លាំងជំនាញឃាត់ខ្លួនសិស្សសាលាចំនួន ៤នាក់ តាមរយៈការសួរនាំ ក៏ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាអ្នកដឹកជនរងគ្រោះ ដោយសារតែគាត់ជាប់ពាក់ព័ន្ធ និងករណីផ្ដល់មធ្យោបាយ ឲ្យក្រុមជនប្រើហិង្សា។

ទាក់ទិនករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានឃាត់ខ្លួនសិស្សសាលាមួយក្រុម មានគ្នា​ ០៤នាក់ ក្នុងនោះមាន ប្រុស​ចារឹក​ស្រី(ភេទទី៣ម្នាក់) និងសិស្សស្រីចំនួន ៣នាក់ទៀតបានហើយ នៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ភ្លាមៗនោះ សមត្ថកិច្ច បានដឹកក្រុមក្មេងទំនើងទាំងនោះ មកកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ពាក់ព័ន្ធបញ្ហានេះ យោងតាមវីដេអូឃ្លី ដែលត្រូវបានគេចែកចាយ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឲ្យបង្ហាញថា បុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សា ទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចម នៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។  ក្នុងវីដេអូនោះ បុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុនសែន ចាក់អង្រែ។

ការអនុវត្តន៍វិធានការច្បាប់នេះ គឺជាសាររំលឹកទៅដល់យុវជន ដទៃទៀត ថា ការប្រើអំពើហិង្សា នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការអប់រំទេ៕

អត្ថបទដែលជាប់ទាក់ទង