នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុជាថ្មី

ខេត្តកោះកុង ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយកឆ្នាំ២០២៤នេះ ដើម្បីជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុជាថ្មី ជាពិសេសជម្រុញការដោះស្រាយ បញ្ហាអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធស្ពាន សម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាល ជាមួយ បងប្អូនកម្មករ និយោជិតជាង ១ម៉ឺននាក់ នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ សម្ដេចនឹងអញ្ជើញប្រកាសដាក់ចេញ នូវកម្មវិធីនយោបាយជម្រុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ។

សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេច បានដាក់ចេញ នូវផែនការជម្រុញទេសចរណ៍ខេត្តសៀមរាប។ ដូច្នេះ នៅថ្ងៃ២៥ ខែមករា ឆ្នាំ២០២៤ សម្ដេច បានកំណត់យកជាឆ្នាំដែលត្រូវជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ជាពិសេសបញ្ហា សំណង់មួយចំនួន ដែលជាប់គាំង។

ព្រមជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថបញ្ជាក់ប្រាប់អភិបាលខេត្តព្រះសីហនុថា “ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខ្ញ៉ំទៅខេត្តព្រះសីហនុហើយ កុំទៅណា ខ្ញ៉ំនឹងទៅប្រកាសដាក់ចេញ នូវកម្មវិធីជម្រុញខេត្តព្រះសីហនុ ដើម្បីរៀបចំដោះស្រាយបញ្ហាមួយចំនួន និងដើម្បីជម្រុញការងារអភិវឌ្ឍខេត្តនេះ។

គួរជម្រាបជូនថា គិតត្រឹមឆ្នាំ២០២៣ កន្លងទៅនេះ ខេត្តព្រះសីហនុ មានសំណង់អគារប្រមាណ ១ ០០០ កន្លែង កំពុងជាប់គាំងការសាងសង់។  ហើយបញ្ហានេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ បាននិងកំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ដើម្បីស្វែងរកអ្នកមកវិនិយោគឡើងវិញ ក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង