PM ខេត្តព្រះសីហនុ បញ្ជូនជនជាតិចិនម្នាក់ ទៅតុលាការពាក់ព័ន្ធករណី កាន់កាប់អាវុធខុសច្បាប់

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ១នាក់ និងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ហេង ប៊ុនទី បន្តថា ប្រតិបត្តិការនេះធ្វើឡើងតាមការបញ្ជា របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញ បានចាប់ដកហូតយកវត្ថុតាងរួមមាន៖

១- កាំភ្លើងខ្លី ចំនួន ១ដើម ម៉ាក CF98 លេខ: 00542007236

២- កាំភ្លើងវែង ចំនួន ១ដើម ម៉ាក BLOW លេខ: B14I2-21060103

៣- បង់កាំភ្លើង ចំនួន ៥ (ខូចបង់ ចំនួន ១)

៤- កាណុងកាំភ្លើង ចំនួន ១

៥- គ្រាប់កាំភ្លើង ចំនួន ៦៥គ្រាប់

៦- ទូរសព្ទដៃ ចំនួន ៦គ្រឿង

៧- លិខិតឆ្លងដែន ចំនួន ២ក្បាល

៨- សៀវភៅការងារជនបរទេស ចំនួន ២ក្បាល

៩- អត្តសញ្ញាណបណ្ណសញ្ជាតិចិន ចំនួន ៣ ក្បាល

១០- លោហៈធាតុពណ៌ស ត្បូងពណ៌ស ចំនួន ១វង់

១១- កុំព្យូទ័រ ម៉ាក Lenovo ចំនួន ១គ្រឿង

១២- ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ៥កំប៉ុង (៥០០គ្រាប់)

១៣- រថយន្ត ១គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836

១៤- សម្ភារប្រើប្រាស់មួយចំនួន។

សូមបញ្ជាក់ថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចអាគារមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង