អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពររួចហើយ។

មន្ត្រីអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣នេះ បានចាប់ផ្ដើមជួសជុល តាំងពីដើមខែមករា ឆ្នាំ២០២៣មក។

មន្ត្រីបច្ចេកទេស របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ឱ្យដឹងថា ក្នុងគម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារ បានជួសជុលថ្មបែកបាក់ចំនួន ២៩២ដុំ ដែលរុះរើពីតាមផ្នែក នៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយ រៀបចំទៅតាមកន្លែងដើមឡើងវិញ។

លោក ឃាម មុនី ឱ្យដឹងទៀតថា បន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែក នៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ ក្រុមការងារបច្ចេកទេស ក៏បានជួយសង្គ្រោះការខូចខាតជាច្រើនកន្លែងផ្សេងទៀត ឱ្យប្រសើរឡើងវិញដែរ ដូចជា៖ រុញថ្មដែលញែកចេញពីគ្នា ឱ្យចូលគ្នា ពង្រឹងរចនាសម្ពន្ធ របស់ប្រាសាទទាំងមូល ឱ្យរឹងមាំឡើងវិញដែរ។
ខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដែលមានអាយុកាល នៃសំណង់យូរលង់មកហើយ បានរងការខូចខាតដោយសារតែដើមឈើដុះចាក់ ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្ម ទៅក្នុងគ្រឹះផង បណ្តាលឱ្យគ្រឹះខ្សោយនិងស្រុត។

ក្រុមអ្នកបច្ចេកទេស រំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណ របស់ប្រាសាទអង្គរវត្ត គឺជាទីតាំងសំខាន់ ដែលធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ ដូច្នេះហើយ បានជាអ្នកជំនាញ ត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌ ដ៏មហស្ចារ្យមួយនេះ ឱ្យបានល្អដើម្បីរួមចំណែក ក្នុងការលើកតម្លៃក្នុងតំបន់នេះផង និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរ ឱ្យកាន់តែមានជម្រើសច្រើនផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ភោគ ជា/ក្រុមការងារជួសជុលខឿនបាកាណប្រាសាទអង្គរវត្ត

អត្ថបទដែលជាប់ទាក់ទង