អាជ្ញាធរជាតិអប្សរា កំពុងរៀបចំផ្គុំប្រាសាទជម ឡើងវិញ

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF)កំពុងជួសជុលប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ តាមបច្ចេកទេសអាណាស្ទីឡូស (Anastylosis) រុះរើតួរបស់ប្រាសាទ ដើម្បីជួសជុលពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ព្រមទាំងជួសជុលថ្ម ដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទ ជាថ្មីឡើងវិញ ដោយរក្សាឱ្យបាន នូវទម្រង់ដើមទាំងស្រុង។

ស្ថាបត្យករ នៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា គម្រោងជួសជុលប្រាសាទជម  បានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយជំហានដំបូង បានធ្វើកំណាយស្រាវជ្រាវ វាយតម្លៃការខូចខាត ធ្វើសម្រង់ប្លង់ និងស្វែងរករកឯកសារ និងរូបភាពចាស់ៗសម័យបារាំង ព្រមទាំងរុះរើថ្ម តាមបច្ចេកទេសអាណាស្ទីឡូស ដោយបែងចែកជា២ដំណាក់កាល។ ថ្មដែលរើមានចំនួន ៣៥ស្រទាប់ ដោយថ្មភក់ចំនួន ៣៥៨០ដុំ និងថ្មបាយក្រៀមមាន ៤១០០ដុំ។ លោក យ៉ាម៉ង់ ឱ្យដឹងទៀតថា ចំពោះការពង្រឹងគ្រឹះ ដែលស្រុតឱ្យរឹងមាំឡើងវិញ នៅតាមកន្លែងខូចខាតនានា ត្រូវផ្លាស់ប្ដូរថ្មបាយក្រៀមថ្មី និងបច្ចុប្បន្ននេះ កំពុងរៀបសាកល្បង កម្រាល ដើម្បីឈានទៅដល់ការរៀបផ្គុំខឿនរបស់ប្រាសាទ ទាំងមូលឡើងវិញ។

ស្ថាបត្យកររូបនេះ បញ្ជាក់ទៀតថា ថ្មដែលរលុះធ្លាក់ ផ្នែកខាងលើបានរកឃើញប្រមាណ ៣០ភាគរយ ហើយថ្មមួយចំនួនបានរងការខូចខាត ដែលទាមទារការជួសជុល និងព្យាបាលដោយយកចិត្តទុកដាក់។

ជាមួយគ្នានេះដែរ ការស្វែងរកថ្មនៅប្រាសាទជម មានការលំបាក ដោយសារគំនរថ្មខ្លះ មានលាយឡំគ្នាជាមួយ ថ្មប្រាសាទផ្សេងទៀតដែលនៅជុំវិញ។

ស្ថានភាព របស់ប្រាសាទជម ផ្នែកកំពូល នៃប្រាសាទ ត្រូវបានរលុះធ្លាក់ កន្លែងខ្លះទៀតហែកក្រៀក ថ្មស្ទើរតែ បាត់បង់រូបរាងដើម បណ្តាលមកពីអាយុកាល នៃសំណង់ កត្តាសង្រ្គាម កត្តាកង្វះការថែទាំយូរអង្វែង និងកត្តាធម្មជាតិ ដូចជា ឬសឈើចាក់បំបែករចនាសម្ពន្ធ របស់ប្រាសាទរហូតទៅដល់ដីគ្រឹះ ធ្វើឱ្យទឹកភ្លៀងហូរចូល នាំឱ្យដីគ្រឹះចុះខ្សោយនិងធ្វើឱ្យស្រុតចុះ ថែមទាំងទ្រេតចំនួន ៦ដឺក្រេ។ ក្រុមការងាររំពឹងថា គម្រោងជួសជុលប្រាសាទជម អាចនឹងបញ្ចប់ នៅឆ្នាំ២០២៥ខាងមុខ៕

អត្ថបទ: យី សុថា

រូបភាពះ លោក ភោគ ជា និងលោក ថៃ យ៉ាម៉ង់

អត្ថបទដែលជាប់ទាក់ទង