បុរសម្នាក់ដើរដាក់ធ្នាក់មាន់ព្រៃ គាំងបេះដូងស្លាប់ ក្នុងខ្ទមចាំចំការស្វាយចន្ទីរ ក្នុងព្រៃ​

មណ្ឌលគិរី៖​ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសម្នាក់មានរបរដើរដាក់ធ្នាក់មាន់ព្រៃ ហើយទំនងជាអស់កម្លាំងខ្លាំង​ រួចក៏ចូលទៅសម្រាកក្នុងខ្ទមចាំចំការស្វាយចន្ទី របស់គេ​ ហើយក៏បានគាំងបេះដូងស្លាប់ម្នាក់ឯង ក្នុងព្រៃ​ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ហេតុការណ៍នេះ ត្រូវប្រជាពលរដ្ឋ ប្រទះឃេីញ រួចក៏រាយការណ៍មកសមត្ថកិច្ច នៅម៉ោង ០៨ និង ២៤ នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

សមត្ថកិច្ច បន្តថា​ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងកម្លាំងអធិការដ្ឋាន ស្រុកកែវសីមា សហការជាមួយ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃស្នងការខេត្តមណ្ឌលគិរី ក៏បានចុះទៅដល់ទីកន្លែងកើតហេតុ ខាងលើ ដើម្បីធ្វើកោសល្យវិច្ច័យ និងត្រួតពិនិត្យទីកន្លែងកើតហេតុ រកឃើញថា​ សពបុរសរងគ្រោះ ជាអ្នកដើរដាក់ធ្នាក់មាន់ព្រៃ ហើយក៏សម្រាកនៅក្នុងខ្ទមចំការចន្ទី របស់ឈ្មោះ ក្រើវ ទុង ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ហើយបាន ស្លាប់ដោយសារ (គាំងបេះដូង)  ដោយមិនមានករណីឃាតកម្មឡើយ។

សាកសពមាន ឈ្មោះ ពឿន ក្រឹម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។​

សមត្ថកិច្ច បញ្ជាក់ថា យោងតាមការសាកសួរពីរក្រុមគ្រួសារ និងសាច់ញាត្តិ សពខាងលើ តែងតែដើរដាក់ធ្នាក់មាន់ព្រៃ ជារាងរាល់ថ្ងៃ។​

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានធ្វើការប្រគល់ទទួលសព ទៅឲ្យបងបង្កើត និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង