ឆ្នាំ២០២៣ កំណើនភ្ញៀវទេសចរ ចូលទៅទស្សនាខេត្តមណ្ឌលគិរី ថយចុះ

មណ្ឌលគិរី ៖ ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី លោក ស៊ាង សឿន បានឲ្យដឹងថា ដោយសាតែស្ថានភាពផ្លូវជាតិលេខ៧៦ ឆ្ពោះមកខេត្តមណ្ឌលគិរី មានការបាក់ស្រុត ក្នុងភូមសាស្ត្រស្រុកអូររាំង កាលពីពេលកន្លងទៅ បានធ្វើឱ្យចំនួនភ្ញៀវទេសចរ ចូលមកទស្សនា ឬកម្សាន្តនៅខេត្តមណ្ឌលគិរី បានថយចុះជិត ២០% ក្នុងឆ្នាំ២០២៣កន្លងទៅនេះ។ ខណៈឆ្នាំ២០២៣ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរ ចូលមកកម្សាន្តប្រមាណជាង ២៦ម៉ឺននាក់។

យ៉ាងណាក៏ដោយ លោកថា ប៉ុន្មានខែចុងក្រោយនេះ គេបានសង្កេតឃើញថា ជារៀងរាល់ចុងសប្តាហ៍នៃខែនីមួយៗតែងមាន អ្នកទេសចរ មកលេងកម្សាន្ត ជាបន្តបន្ទាប់ ជាពិសេសថ្ងៃបុណ្យឈប់សម្រាកនានា ដូចជា៖ បុណ្យឆ្លងឆ្នាំសកល ២០២៣~២០២៤នេះជាដើម។

លោក ស៊ាង សឿន បញ្ជាក់ថា សន្ទុះភ្ញៀវទេសចរ ចូលមកកម្សាន្ត ខេត្តមណ្ឌលគិរី មួយរយៈចុងក្រោយ ពិសេសនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ហាក់ល្អប្រសើរឡើងវិញ បន្ទាប់ពីចំណុចផ្លូវបាក់ស្រុត ត្រូវស្ថាបនាថ្មី ងាយស្រួល ក្នុងការធ្វើដំណើរឡើងវិញ។
លោកបន្តថា ភ្ញៀវទេសចរ ដែលបានមកទស្សនា ក្នុងខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០២៣ សរុបមានចំនួន ២៦៦,៤២២នាក់។ ក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ២៦១,៤៩៤នាក់ ភ្ញៀវទេសចរអន្តរជាតិ សរុបចំនួន ៤,៩២៨នាក់ បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៣២៨,៨១៩នាក់ ថយចុះសរុប ១៨,៩៧% ទេសចរជាតិ ថយ ១៩,៥៦%។ ចំណែក ទេសចរអន្តរជាតិ កើនឡើង ៣២,១១%។

លោក ស៊ាង សឿន បន្ថែមថា មូលហេតុភ្ញៀវទេសចរ មានការថយចុះ បណ្ដាលមកពីការបាក់ស្រុតផ្លូវ ឆ្ពោះមកខេត្តមណ្ឌលគិរី កាលពីពេលកន្លងទៅ ។
យ៉ាងណាក៏ដោតចុះ ភ្ញៀវទេសចរ ចូលមកកម្សាន្ត ខេត្តមណ្ឌលគិរី បានទទួលស្គាល់ថា ខេត្តមណ្ឌលគិរី ជាខេត្តដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជា មានខ្យល់អាកាសល្អបរិសុទ្ធ គឺចូលមកលេងម្ដងហើយ ចង់មកលេងទៀត។

ខេត្តមណ្ឌលគិរី នៅតែមានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញការចាប់អារម្មណ៍ របស់ភ្ញៀវទេសចរ ឱ្យមកទស្សនាកម្សាន្ត ដោយខេត្តមួយនេះ សម្បូរ នូវធនធានធម្មជាតិ អាកាសធាតុត្រជាក់ និងមានវប្បធម៌ ជនជាតិដើមភាគតិច ជាពិសេសមានរមណីយដ្ឋានទេសចរណ៍ ជាច្រើនកន្លែង ដែលមានភាពស្រស់ស្អាត ប្លែកភ្នែក និងទាក់ទាញខុសតំបន់ទេសចរណ៍ របស់ខេត្តផ្សេងៗទៀត។ ចំណែកផ្លូវធ្វើដំណើរ ទៅមកក៏ស្អាតល្អ ទោះបីប្រភេទរថយន្តទាបៗ ក៏អាចធ្វើដំណើរបានយ៉ាងងាយស្រួល៕
អត្ថបទ៖​ តាស្រុះ

អត្ថបទដែលជាប់ទាក់ទង