តម្លៃដំឡូងមីនៅដើមឆ្នាំ២០២៤ កើនឡើងខ្ពស់ ធ្វើឲ្យកសិកររីករាយ ប្រមូលផល

ខេត្តមណ្ឌលគិរី ៖ តម្លៃដំឡូងមីនារដូវប្រមូលផលឆ្នាំដើមឆ្នាំ២០២៤នេះ បានកើនឡើងខ្ពស់ខ្លាំងបើធៀបទៅនិងរដូវកាលប្រមូលផលមុនៗ ។ បច្ចុប្បន្នកសិករប្រមូលផលសម្រេចបាន ៨៥-៩០ភាគរយហើយ និងកំពុងប្រមូលដើមដំឡូងពូជ រក្សាទុកយ៉ាងត្រឹមត្រូវ ដើម្បីដាំដុះបន្តនៅពេលខាងមុខ។

កសិករឈ្មោះ ប៊ី ណារីន រស់នៅភូមិឡាបាខេ ឃុំស្រែខ្ទុម ខេត្តមណ្ឌលគិរី លើកឡើងថា ទោះបីជាកត្តាធម្មជាតិមិនសូវល្អ ពោលគឺទឹកភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ធ្វើឱ្យផលដំឡូងមីរបស់ពួកគាត់ក្នុងរដូវកាលប្រមូលផលឆ្នាំ២០២៣-២០២៤នេះហាក់ធ្លាក់ចុះបន្តិចមែន ប៉ុន្តែឆ្នាំនេះតម្លៃដំឡូងមីបានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។

លោកស្រីបន្តថា ជាធម្មតាដំឡូងមីអាចដាំដុះបាន១ឆ្នាំ១ម្ដង និងអាចប្រមូលផលចន្លោះពីខែកញ្ញាដល់ខែមេសា ។លោកស្រីថ្លែងទៀតថា៖ «ផលដំឡូងមីដើរតួនាទីជាផ្នែកដ៏សំខាន់មួយសម្រាប់ប្រជាកសិករ ដោយមានដាំនៅស្ទើរគ្រប់កន្លែង។ បើភ្លៀងធ្លាក់ស្រួលបួលការដាំដុះក៏បានល្អ ហើយការប្រមូលផលអាចមានចំនួនច្រើនផងដែរ។ ចំណែកតម្លៃដំឡូងមីវិញគិតត្រឹមថ្ងៃទី១១ មករានេះ ដំឡូងមីស្រស់លក់បានក្នុងតម្លៃ ៤៧៥រៀល ក្នុង១គីឡូក្រាម ដោយតម្លៃនេះធៀបនិងឆ្នាំ ២០២៣ គឺកើនឡើងជិត២០០រៀល ដោយកាលពីឆ្នាំ២០២៣លក់បានត្រឹម៣០០រៀលបុណ្ណោះ ក្នុង១គីឡូក្រាម ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី លោក សុង ឃាង បានប្រាប់ហង្សមាសនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤នេះថា ដំណាំដំឡូងមីនៅខេត្តមណ្ឌលគិរីមានផ្ទៃដីដាំដុះសរុបចំនួន ២០ ០៤៩ ហិកតា បច្ចុប្បន្នកសិករបានប្រមូលផលដំឡូងមីសម្រេចបានផ្ទៃដីសរុបចំនួន ១៧ ៣១០ ហិកតា (គិតត្រឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤) បរិមាណផលសរុបចំនួន ២៧៥ ៣៨០តោន តម្លៃ ៤៥០-៥០០៛/គីឡូក្រាម៕ អត្ថបទ៖​ តាស្រុះ

អត្ថបទដែលជាប់ទាក់ទង