សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងតាំងពិព័រណ៍បង្ហាញវត្ថុសិល្បៈក្វាត ចំនួន៦៩៥៦គ្រាប់

ខេត្តសៀមរាប ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន ៦៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជន បានស្គាល់ និងទស្សនា ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។

ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន ៦៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។
មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី មានប្រសាសន៍ថា វត្ថុសិល្បៈបុរាណក្វាត ចំនួន ៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះ មានបីប្រភេទ គឺពណ៌ស្វាយ (កែវណាំហ្វាន) Amethyst ពណ៌លឿង (ស៊ីទ្រីន)Citine និងពណ៌សថ្លា(គ្រីស្តាល់) Crystal។ ក្រៅពីការដាក់តាំងក្វាតនេះ ក៏មានការដាក់តាំងបង្ហាញ នូវវត្ថុមួយចំនួនទៀត ដែលបានមកពីកន្លែងតែមួយ នៅប្រាសាទកណ្ដាលស្រះស្រង់ ដែរដូចជា៖ រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។

លោក គុន ផល្លី ឱ្យដឹងទៀតថា ការតាំងបង្ហាញពិព័រណ៍ជាអចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូន សាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស ឱ្យមកទស្សនាសិក្សាស្វែងយល់អំពីវត្ថុសិល្បៈ វត្ថុសក្ការៈ សម្រាប់បញ្ចុះនៅគ្រឹះប្រាសាទកាលពីសម័យបុរាណ ព្រមទាំងដឹងពី ប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងទំនៀមទម្លាប់ របស់ជាតិខ្មែរផង។

ជារៀងរាល់ថ្ងៃសៅរ៍ដើមខែនីមួយៗ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តែងតែបើកឱ្យភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនាដោយមិនគិតថ្លៃ ដែលនេះ គឺជាចំណុចមួយ ដ៏ពិសេសសម្រាប់លើកទឹកចិត្តដល់ ភ្ញៀវជាតិ អន្តរជាតិ សាធារណជន អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស ចូលទស្សនា សារមន្ទីរឱ្យបានកាន់តែច្រើន៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា/ភោគ ជា/គុន ផល្លី

អត្ថបទដែលជាប់ទាក់ទង