អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ច ដំណើរការ របស់ខ្លួន ដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដោយសហការជាមួយ អង្គការអុកស្វាម ប្រចំានៅកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី កិច្ចដំណើរការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជា ប្រធាន អ.ដ.ក. និងដោយមានការចូលរួមពីសំណាក់ លោកលោកស្រី ជាអនុប្រធាន និងសមាជិក នៃ អ.ដ.ក., តំណាងអង្គការអុកស្វាមប្រចាំកម្ពុជា, តំណាងមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម, តំណាងការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា (OHCHR) ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជា ៤០ អង្គភាព ដែលកំពុងធ្វើការងារពាក់ព័ន្ធ នឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅកម្ពុជា។

កិច្ចប្រជុំផ្សព្វផ្សាយនេះ រៀបចំទ្បើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖

១- ដើម្បីផ្សព្វផ្សាយ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

 

២- ពិនិត្យលទ្ធភាព ក្នុងការធ្វើកិច្ចសហការជាមួយគ្នា ក្នុងកិច្ចដំណើរការ ក្នុងការជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់ប្រជាពលរដ្ឋ។

 

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានបញ្ជាក់ថា “ជាទិសដៅការងារទៅមុខ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា នឹងត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើសសរស្តម្ភ ចំនួន ២ គឺ៖

 

សសរស្តម្ភទី១- ការកែទម្រង់ប្រព័ន្ធតុលាការ ដោយផ្តោតលើគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស និងផ្តោតលើគុណភាព នៃយុត្តិធម៌ ប្រកបដោយ ភាពសុក្រឹត និងភាពត្រឹមត្រូវ និងសសរស្តម្ភទី២ – ការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានលក្ខណៈងាយស្រួល សម្បូរបែប និងដោះស្រាយបញ្ចប់វិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ ឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែក លើកកម្ពស់វប្បធម៌សន្តិភាពនិយមក្នុងសង្គមកម្ពុជា។

លោកថា ក្នុងន័យនេះ ការបង្កើត នូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាកិច្ចការអាទិភាពមួយ នៃគោលនយោបាយកែទម្រង់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ និងជាការបោះជំហានថ្មីមួយ ក្នុងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា។

 

ក្រោយពីបានស្តាប់បទបង្ហាញលើប្រធានបទចំនួន ២ ៖ (ទី១)- អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង(ទី២)- គម្រោង នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ក្រុមគោលដៅជាក្រុមជនជាតិដើមភាគតិច និងក្រុមអ្នករស់នៅតំបន់ដាច់ស្រយាល, អង្គប្រជុំក៏មានវេទិកាពិភាក្សាបើកទូលាយ ក្រោមការដឹកនាំដោយផ្ទាល់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមអាចលើកទ្បើងអំពីសំណួរ សំណូមពរ មតិយោបល់ និងការយល់ឃើញជុំវិញកិច្ចដំណើរការ របស់អាជ្ញាធរជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ។

 

តាមរយៈកិច្ចសន្ទនាដោយបើកទូលាយខាងលើ តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បានសម្តែង នូវការសាទរ និងការគាំទ្រដល់ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ព្រមទាំងបង្ហាញ នូវ ឆន្ទៈក្នុងការចូលរួមសហការជាមួយស្ថាប័នថ្មីនេះ ក្នុងបេសកកម្ម ចុះជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។

 

ជាចុងក្រោយ លោក កើត រិទ្ធ បានចាត់ទុក អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ថាជាដៃគូសហការដ៏សំខាន់មួយ របស់ អ.ដ.ក. ហើយការចូលរួម របស់តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចប្រជុំនេះ ពិតជាបង្ហាញឱ្យឃើញពីការគំាទ្រ ដ៏មានសារសំខាន់ដល់កិច្ចដំណើរការ របស់ អ.ដ.ក. ដើម្បីអាចឈានទៅសម្រេចបាន នូវបេសកកម្មចុះដោះស្រាយវិវាទជូន ប្រជាពលរដ្ឋ នៅមូលដ្ឋាន ពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ ដែលមានជនជាតិដើមភាគតិច រស់នៅ សំដៅជំរុញ និងលើកកម្ពស់យន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ សម្រាប់ជាផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋកម្ពុជា៕

o

អត្ថបទដែលជាប់ទាក់ទង