ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងកូរ៉េ រួមគ្នាជួសជុលថ្មប្រាសាទជម ដែលរងការខូចខាតជាង៧០០ដុំ

ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) រួមគ្នាជួសជុលពង្រឹងថ្មប្រាសាទជម ដែលរងការខូចខាត ដូចជាបែកបាក់ និងពុកផុយចំនួនជាង៧០០ដុំ ឱ្យមានភាពរឹងមាំអាចប្រើប្រាស់ឡើងវិញបាន មុននឹងយកទៅរៀបដាក់នៅទីតាំងដើម ខណៈនេះ ដែលក្រុមការងារទាំង២ កំពុងជួសជុលយ៉ាងយកចិត្តទុកដាក់។

អ្នកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចំនួនថ្មប្រាសាទជម ដែលរងការខូចខាត បាក់បែកត្រូវការតភ្ជាប់ថ្មថ្មី និងយកបំណែកថ្ម ដែលបាក់បែកមកផ្គុំតគ្នាឡើងវិញ និងមួយចំនួនទៀត ត្រូវធ្វើការពង្រឹងទៅតាមបច្ចេកទេសដើម្បីយកទៅប្រើប្រាស់ឡើងវិញ សរុបមានចំនួនពី ៦០០ដុំទៅ៧០០ដុំ។

មកដល់បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុល តភ្ជាប់ ពង្រឹងថ្មឱ្យមានគុណភាព អាចប្រើការបានជាង ៤៨៩ដុំ ហើយ និងយកទៅរក្សាទុកនៅឃ្លាំង នៅក្បែរការដ្ឋានជួសជុលប្រាសាទជម ដើម្បីឱ្យក្រុមអ្នកជួសជុល យកទៅប្រើប្រាស់រៀបដាក់ទីតាំងដើមជាបន្តបន្ទាប់។

អ្នកស្រី ភីរ៉ា ឱ្យដឹងទៀតថា ដំណាក់កាលដំបូង មុននឹងយកថ្មមកជួសជុល គឺត្រូវត្រួតពិនិត្យការខូចខាត នៃថ្ម ដើម្បីរៀបចំជាឯកសារបច្ចេកទេស និងថតរូប។ ដំណាក់កាលទី២ យកថ្មទាំងនោះ មកសម្អាតជាមួយ និងទឹកគ្មានជាតិរ៉ែនូវផ្ទៃដែលត្រូវតភ្ជាប់។

ក្រោយពីសម្អាតរួចរាល់ ប្រើម៉ាស៊ីន Ultrasonic Pulse Velocity Measurement Instruments ពិនិត្យមើលគុណភាពថ្ម ដើម្បីដឹងពីគុណភាព ដែលអាចប្រើចំនួន និងទំហំនៃដែក ឬពន្លួញពេលជួសជុលតភ្ជាប់គ្នា។ ដំណាក់កាលទី៣ បំពេញថ្មថ្មីនៅកន្លែង ដែលបាក់បែកបាត់បង់ថ្ម នៃផ្នែកណាដែលចាំបាច់។ ដំណាក់កាលទី៤ បិទបំពេញបាយអរជុំវិញថ្នេរដែលបានតភ្ជាប់។

អ្នកជំនាញរូបនេះ បន្តថា ការងារនេះមានការពិបាកជាខ្លាំង ត្រូវការអត់ធ្មត់ និងផ្ចិតផ្ចង់ធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ខូចខាតដល់ថ្មចាស់ទៅថ្ងៃក្រោយទៀត។  ក្នុងនោះដែរ អ្នកស្រី នឿង ភីរ៉ា បញ្ជាក់ថា ក្រៅពីថ្មជួសជុលប្រាសាទជម រាប់រយដុំ គឺក្រុមការងារបានជួសជុលថ្ម មកពីការដ្ឋានជួសជុល នៅលានជល់ដំរីចំនួន២ទីតាំងថែមទៀតផង។ បើទោះបីយ៉ាងនេះក្តី ក៏ក្រុមការងារមានការសប្បាយ និងមោទនភាពដែលបានធ្វើការជាមួយបេតិកភណ្ឌពិភពលោក មានតម្លៃមិនអាចកាត់ថ្លៃបាន៕

អត្ថបទ៖ យី សុថា

រូបភាព៖ ភោគ ជា/ ថៃ យ៉ាម៉ង់

អត្ថបទដែលជាប់ទាក់ទង