បណ្ឌិត ភីថឺ លី និងភរិយា បន្តឧបត្ថម្ភថវិកា សង់អគារសិក្សាជូន សិស្សានុសិស្ស រស់នៅឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ លោកបណ្ឌិត ភីតថឺ លី និងភរិយា លោកស្រី ឆាយ លីណា បានបន្តផ្តល់ថវិកា សម្រាប់សាងសង់អគារទីចាត់ការ និងបណ្ណាល័យជូនដល់ សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភឺតថឺ លីណា ស្នាយពល មានទីតាំងនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងពិធីក្រុងពាលី សាងសង់អគារថ្មីនេះ  ធ្វើឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ និងដៃគូសហការផ្នែកសំណង់ កម្ពុជា-ចិន អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

អគារសង់ថ្មីនេះ គឺជាអគារទី២ហើយ បន្ទាប់ពី អគារសិក្សា សាលាមត្តេយ្យសិក្សា ធនធាន បណ្ឌិត ភឺតថឺ លីណា ស្នាយពល  ដែលឧបត្ថម្ភថវិកាដោយ លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា ក៏ដូចជាសប្បុរសជននានា។

លោកបណ្ឌិត ភីថឺ លី មានប្រសាសន៍ថា អគារសាងសង់ថ្មីនេះ គឺមានចំនួន ០១ខ្នង កម្ពស់ ០២ជាន់ ០៦បន្ទប់ ហើយមានបណ្តោយប្រវែង ២៤ម៉ែត្រ និងទទឹង ៩,៥ម៉ែត្រ។

ចំពោះការសាងសង់អគារថ្មី ខាងលើនេះ ត្រូវបាន លោកបណ្ឌិត ភីតថឺ លី និងភរិយា បញ្ជាក់ថា វាមានសារៈសំខាន់ចំពោះកូនៗ ឬសិស្សានុសិស្ស ជាពិសេស ក៏ជាតម្រូវចាំបាច់ នៅក្នុងសង្គមកម្ពុជា សព្វថ្ងៃ។ ខណៈបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារ បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតប វឌ្ឍនៈភាព នៃសង្គមជាតិ។ ហើយថា ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធអប់រំ គឺជាការពង្រីកបន្ថែម នូវថ្នាល បណ្តុះបណ្តាលធនធានមនុស្ស..។

លោកបណ្ឌិត ភីតថឺ លី ឱ្យដឹងដូច្នេះ រួចបន្តថា សមទ្ធិផល ដែលអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស រស់នៅឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ទទួលបាននៅពេលនេះ គឺស្តែងចេញឡើងពី កត្តាសន្តិភាព ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាល ដែលប្រទេសជាតិ កំពុងធ្វើដំណើរ ស្ថិតនៅលើវិថី ដែលប្រទេសជាតិកំពុងអភិវឌ្ឍ ដែលចាំបាច់ រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារ កសាងធនធានមនុស្ស ប្រកបដោយគុណភាព តាមរយៈវិស័យអប់រំ។

គួរបញ្ជាក់ផងដែរថា សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល ជាសាលាគំរូស្ដង់ដារសិស្សាមួយ ដែលមានឯកសណ្ឋានតែមួយ មានអនាម័យបរិស្ថាន ល្អស្អាត មានសម្ភារសិក្សា ដ៏សម្បូរណ៍បែប ហើយ ជាពិសេស មានឧបករណ៍ បម្រើឱ្យក្មេងៗ លេងកម្សាន្តជាច្រើនប្រភេទ ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង