បេក្ខជនជាង៧០០អង្គ/នាក់ ចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ

រាជធានីភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានចូលរួមជាអធិបតីភាព កម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ នៅលើស្ពានហាល ខាងលិច ប្រាសាទអង្គរវត្ត។

ពិធីនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមជាង៧០០ អង្គ/នាក់។ ហើយ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការជាច្រើនរូបទៀត។

នាឱកាសនោះ លោកស្រី ភឿង សកុណា បានអានអត្ថបទប្រឡងទៅកាន់បេក្ខជន ក្នុងរយៈពេលមួយម៉ោង ដែលអត្ថបទទាក់ទង នឹងរមណីយដ្ឋានអង្គរ ជាការរៀបចំសម្រិតសម្រាំងទុកដោយ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «អង្គរ អាណាចក្រ នៃអរិយធម៌ខ្មែរ»

សូមបញ្ជាក់ថា កម្មវិធីសំណេរអង្គរ ជាកម្មវិធីថ្មី ដែលបង្កើតឡើងក្នុងបំណងលើកកម្ពស់ អក្សរសាស្រ្តខ្មែរ តាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះក៏អាចនឹងក្លាយជាព្រឹត្តិការណ៍ថ្នាក់ជាតិជាប្រចាំឆ្នាំផងដែរ នាពេលអនាគត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន, ភោគ ជា និង យី សុថា

អត្ថបទដែលជាប់ទាក់ទង