មេបញ្ជាការ PM ខេត្តមណ្ឌលគិរី ដាក់បទបញ្ជាដល់កម្លាំងទាំងអស់ ហាមពាក់ព័ន្ធបទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន

ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី បានបញ្ជាដល់កងកម្លាំងអាវុធហត្ថទូទាំងខេត្ត ហាមដាច់ខាតពាក់ព័ន្ធបទល្មើសគ្រប់ប្រភេទ ពិសេស ករណីគ្រឿងញៀន ទាំងការប្រើប្រាស់ និងការជួញដូរ។ លោកព្រមានថា ប្រសិនរកឃើញមន្ត្រីរូបណាម្នាក់ជាប់ពាក់ព័ន្ធបទល្មើសទាំងនោះ នឹងត្រូវទទួលទោសតាមច្បាប់ ហើយកាត់ឈ្មោះចោល ស្របតាមបទបញ្ជារបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ។

ការដាក់បទបញ្ជា របស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរតួនាទីមុខតំណែង និងបំពាក់ឋានន្តរស័ក្កិដល់ កម្លាំងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។

នៅក្នុងពិធីនោះ ក៏មានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការ ព្រមទាំងនាយទាហានរងជាច្រើនរូបទៀតផងដែរ។

បន្ថែមលើសពីនេះ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ក៏បានរំលឹកដល់ កម្លាំងអាវុធហត្ថខេត្តទាំងអស់ ត្រូវគោរពវិន័យ និងប្រឹងប្រែងអនុវត្តតួនាទី ដើម្បីទទួលបានការតម្លើងឋានន្តរស័ក្កិ និងតួនាតីនៅពេលខាងមុខ ។

បន្ថែមលើនេះ លោកក៏បានរំលឹកដល់កងកម្លាំង ត្រូវបន្ដខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលអាចកើតមាន ក្នុងមូលដ្ឋានខេត្តមណ្ឌលគិរី ដើម្បីបន្ដរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ តាមបទបញ្ជា របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា។

គួររំលឹកផងដែរថា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក៏កំពុងកសាងអាគារសេនាធិការដ្ឋាន បំពាក់ដោយបរិក្ខាទំនើប និងមានផាសុខភាពខ្ពស់ ដើម្បីផ្ដល់ជូនដល់កងកម្លាំងទាំងអស់ មានកន្លែងការងារស្អាតល្អ អាចបម្រើដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។ អាគារសេនាធិការដ្ឋាន ដែលកំពុងសាងសង់មាន មនទំហំ ១១ម X ៥៦ម កម្ពស់ ៣ជាន់ សម្រេចការសាងសង់បាន៨០% ប្រើប្រាស់ថវិកាជាង ៦០ម៉ឺនដុល្លា រអាមេរិក ដោយមានការផ្ដួចផ្ដើមកសាងពី លោកនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក្នុងនោះលោកបាន ឧបត្ថម្ភគាំទ្រចំនួន ១០ម៉ឺនដុល្លារ និងថវិកា របស់សប្បុរសជននានា ៕

អត្ថបទដែលជាប់ទាក់ទង