មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី ប្រកាសជ្រើសរើសសិស្សមកសិក្សា ហើយសិស្សក្រីក្រឧបត្ថម្ភ ៧០ដុលា្លរក្នុងមួយខែ

ខេត្តមណ្ឌលគិរី ៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យយុវជនខេត្តមណ្ឌលគិរី ពិសេសជនជាតិដើមភាគតិច សូមមកចុះឈ្មោះចូលរៀនជំនាញ ដែលខ្លួនពេញចិត្ត ខណៈបច្ចុប្បន្នមជ្ឈមណ្ឌលនេះ ត្រូវការសិស្សជាង ១០០នាក់បន្ថែមទៀត រៀនមិនគិតថ្លៃ និងផ្ដល់ការស្នាក់នៅ។ ហើយសម្រាប់យុវជន មិនចេះអក្សរ ក៏អាចរៀនបាន ជាពិសេសជាងនេះ សិស្សក្រីក្រពិតប្រាកដ សាលា នឹងផ្ដល់ការឧបត្ថម្ភប្រាក់ ក្នុងមួយខែ ៧០ដុល្លារថែមទៀតផង។

លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី មានប្រសាសន៍ថា នៅដើមឆ្នាំ២០២៤នេះ សាលាទើបទទួលបានសិស្សថ្មីចំនួន ១១៥នាក់ និងបូកសរុបទាំងសិស្សចាស់ មានប្រហែល ២៥០នាក់ ប៉ុន្តែតួលេខនេះ មិនទាន់គ្រប់តាមតម្រូវការទេ ព្រោះសាលា ត្រូវការរើសសិស្សថ្មីប្រមាណជាង ១០០នាក់ទៀត ពោលគឺរើសបន្ថែម ឲ្យគ្រប់ចំនួន ២៧០នាក់ សម្រាប់សិស្សថ្មី។

លោកបន្តថា ពីមិនមជ្ឈមណ្ឌលនេះ មានបង្រៀនជំនាញច្រើនប្រភេទ ប៉ុន្តែឆ្នាំសិស្សាថ្មីនេះ មានបង្រៀនតែ ០៣ជំនាញប៉ុណ្ណោះ និងមានសិស្សកំពុងសិក្សាលើមុខជំនាញចំនួន ០២គឺ ជំនាញអគ្គិសនី និងជំនាញព័ត៌មានវិទ្យា ឬហៅថា IT ។

ចំណែក សិស្សានុសិស្ស ដែលកំពុងរៀនលើជំនាញអគ្គិសនី និងព័ត៌មានវិទ្យា បានលើកឡើងថា ពួកគេពិតជាទទួលបាន ចំណេះជំនាញពិតប្រាកដ ក្នុងការសិក្សា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី ដោយគ្រូ បានបង្រៀនទាំងទ្រឹស្តីនិងការអនុវត្តផ្ទាល់ ហើយថែមទាំងឧបត្ថម្ភ ជាទឹកប្រាក់ថែមទៀតផង។

សិស្សានុសិស្សទាំងនោះ រំពឹងថា ការសិក្សានៅមជ្ឈមណ្ឌលនេះ ពួកគេនឹងមានអនាគតល្អ និងសូមអំពាវនាវ ដល់យុវជនផ្សេងៗទៀត មកចុះឈ្មោះរៀនឲ្យបានច្រើន ជាពិសេសយុវជន ជនជាតិដើមភាគតិច។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សិស្សនិស្សិត ដែលកំពុងរៀន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី ប្រមាណជាង ២០០នាក់ សុទ្ធសឹងតែជាបងប្អូនជនជាតិដើមភាគតិច។ ក្នុងនោះសិស្ស ដែលគ្មានកន្លែងស្នាក់នៅ អាចស្នាក់អាស្រ័យ ក្នុងមជ្ឈមណ្ឌលបានថែមទៀត។ ហើយកន្លងមកសិស្សនិស្សិត ដែលបញ្ចប់ការសិក្សា ក៏មានសមត្ថភាព ទៅបម្រើការងារ នៅអង្គភាព ឬស្ថាប័នការងារធំៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង