អាណាព្យាបាល​ ព្រួយបារម្ភជាថ្មីទៀត ខណៈសមត្ថកិច្ចចាប់ខ្លួន ក្រុមឧក្រិដ្ឋជន​​៥នាក់ លួចនាំចូលគ្រឿងញៀនជាង១តោន តាមលម្ហ​សមុទ្រ ខេត្តព្រះសីហនុ!

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាល​ រស់នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភ​ជាថ្មីទៀត ចំពោះបទល្មើសជួញដូរគ្រឿងញៀន ដែលក្រុមឧក្រិដ្ឋជន​ ​លួចនាំចូលពីក្រៅប្រទេស ចូលតាមច្រកលម្ហ​សមុទ្រខេត្តព្រះសីហនុ បន្តកើតមានជាបន្តបន្ទាប់។

ការព្រួយបារម្ភនេះ បានកើតឡើង បន្ទាប់ពីកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហា​ផ្ទៃ បានបង្ហាញមុខ​​​ឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិន ចំនួន​ ០៥នាក់ ​រួមជាមួយនឹង​វត្ថុតាងសារជាតិ​ញៀនជាង ១តោន ខណៈ​ជនសង្ស័យ បម្រុង​ដឹកគ្រឿងញៀនទាំងនោះ ចេញពី​ទូកដឹកទំនិញមួយគ្រឿង ឡើងមកលើដីគោក ក្នុងមូលដ្ឋានស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ​។

ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ  សហការជាមួយការិយាល័យប្រឆាំងគ្រឿង​ញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ក្រោមកិច្ចសហការប្រតិបត្តិការ វីរសេនាតូចការ​ពារព្រំដែនទឹក លេខ២៤០  ចុះបង្ក្រាបកាលពីម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

​សមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា គ្រឿងញៀន ដែលកម្លាំងជំនាញ បង្ក្រាបបាន មានចំនួន ២៥​​ធុង ឬស្មើនឹង ១,០៨២.៥​គីឡូក្រាម។ ក្នុងនោះគ្រឿងញៀនសុទ្ធ មានចំនួន ១,០២១.២គីឡូ​ក្រាម និងសម្ភារមួយចំនួនទៀត។

ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា «កម្លាំងជំនាញ របស់លោក ក៏បានចូលរួមសហការជាមួយ កម្លាំង​​​មន្ទីរប្រឆាំងគ្រឿងញៀនផងដែរ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ដែលក្រុមឧក្រិដ្ឋជន នាំចូលឆ្លងដែន តាមលម្ហ​សមុទ្រខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែមករា ពិតមែន។ ប៉ុន្តែ​បទល្មើសនេះ ​ខាងកម្លាំងជំនាញ មន្ទីរគ្រឿងញៀន ជាម្ចាស់ករណី និងជាអ្នកបន្តនីតិវិធីតាមផ្លូវច្បាប់។ ដោយខាង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ គ្រាន់តែជាអ្នកចូលរួមសហការ​តែប៉ុណ្ណោះ»។

ចំណែក លោក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បានឲ្យដឹងដែរថា កម្លាំងជំនាញ របស់លោក ក៏បានចូលរួមសហការជាមួយ កម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្នុងការងារចុះបង្ក្រាបបទល្មើសញៀនញៀនឆ្លងដែន ខាងលើនេះដែរ។ ហើយលោក ក៏សុំមិនធ្វើអត្ថាធិប្បាយអ្វីទៀតដែរ ព្រោះករណីនេះ ខាងថ្នាក់ដឹកនាំ មន្ទីរប្រឆាំងគ្រឿងញៀន ដែលជាម្ចាស់ករណី បាន​បកស្រាយ ឬបើកធ្វើសន្នីសិទកាសែតរួចហើយ​ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នា​២០២៤។

​​​យ៉ាងណាក៏ដោយចុះ យោងតាមផេកផ្លូវការ របស់មន្ទីរ​​​ប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បាន​ឲ្យដឹងថា​ ក្រោយ​​ឃាត់ខ្លួន​ជនសង្ស័យទាំង ០៥នាក់ ​សមត្ថកិច្ច ក៏បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​​​មន្ទីរ​ប្រឆាំង​គ្រឿងញៀន។ ហើយបន្ទាប់មក ក៏បាន​​បង្ហាញមុខ​ជនសង្ស័យ ​ជនជាតិ​ចិនទាំង ០៥​នាក់ និង​វត្ថុតាង​ជា​សាធារណៈ នៅព្រឹកថ្ងៃទី២៤ ខែមករា មុន​នឹង​បញ្ជូន​ខ្លួន ​ទៅកាន់​សាលា​ដំបូង​រាជធានី ដើម្បី​ចាត់ការ​តាមនីតិវិធីច្បាប់​៕ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង