ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ នៅស្រុកកោះញែក រីករាយទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់

ខេត្តមណ្ឌលគិរី ៖ បណ្ណកម្មសិទ្ធិជិត ២ពាន់បណ្ណ ត្រូវបានមន្រ្តីជំនាញ ខេត្តមណ្ឌលគិរី ចែកជូនប្រជាពលរដ្ឋ នៅឃុំចំនួន ០២ ក្នុងស្រុកកោះញែក ដើម្បីកាន់កាប់ប្រើប្រាស់ ធានាសិទ្ធិ កម្មសិទ្ធិស្របច្បាប់។

ពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ពេលនេះ ធ្វើឡើងក្រោមវត្តមាន លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីជាច្រើនរូប ប្រព្រឹត្តទៅនៅឃុំណងឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ ប្រហាក់ប្រហែលគ្នាថា ការចែកបណ្ណកម្មសិទ្ធិ ជូនពលរដ្ឋនៅឃុំចំនួន ០២ ក្នុងស្រុកកោះញែក ពេលនេះ ជាលទ្ធផលនៃការអនុវត្ត របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹង នៃការគ្រប់គ្រង ការចុះបញ្ជីដីធ្លី (គីផ្តល់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ) ដើម្បីកាន់កាប់ ប្រើប្រាស់ ធានាសិទ្ធិ កម្មសិទ្ធិស្របច្បាប់។

លោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដែលសម្រេចបានជាលទ្ធផល នៅពេលនេះ ដោយមានការចូលរួមយ៉ាងសកម្ម ក្នុងដំណើរការវាស់វែងចុះបញ្ជីដីធ្លី ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីបច្ចេកទេស និងប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីនីមួយៗ។

លោក សរ សុវណ្ណ បន្ថែមថា ការចែកបណ្ណកម្មសិទ្ធិនេះ គោលបំណង ដើម្បីផ្តល់ សុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋទូទៅ ដោយពុំមានប្រកាន់និន្នាការ នយោបាយអ្វីឡើយ។ លោកបន្តថា នេះជាការ បង្កលក្ខណៈសម្បត្តិ ដល់ការលើកកម្ពស់កម្រិតជីវភាព រស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើអាជីវកម្ម កសិកម្ម លើដីធ្លីជាកម្មសិទ្ធិស្របច្បាប់ របស់ខ្លួន ឱ្យអស់សក្តានុពល ដោយពុំមានភ័យខ្លាចអ្វីទៀតឡើយ។

ជាការពិតណាស់ ការកាន់កាប់ដីធ្លីច្បាស់លាស់ របស់បងប្អូនប្រជាពលរដ្ឋ ក៏ជាលក្ខណៈសម្បត្តិច្បាស់លាស់ សម្រាប់អ្នកវិនិយោគ អភិវឌ្ឍដីធ្លីផងដែរ។

លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៤នេះ មន្ទីរ បានចែកបណ្ណកម្មសិទ្ធិ ជូនពលរដ្ឋ មានភូមិជីមាតចំនួន ២៣៤បណ្ណ ស្មើនឹង ១៨៥គ្រួសារ លើផ្ទៃដីទំហំប្រមាណ ១២០២,៩៨ ហិកតា – ភូមិកោះម្យើលក្រោមចំនួន ៤៥២បណ្ណ ស្មើនឹង ២៥៤គ្រួសារ លើផ្ទៃដីទំហំប្រមាណ ១១៥៨,៦៥ហិកតា និងភូមិកោះម្យើលលើ ឃុំណងឃីលិក ចំនួន ២៩៩បណ្ណ ស្មើនឹង ១៦៣គ្រួសារ លើផ្ទៃដីទំហំប្រមាណ ៣៥៦,៨៨ហិកតា – ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ចំនួន ៨០០បណ្ណ ស្មើនឹង ៥០៩គ្រួសារ លើផ្ទៃដីទំហំប្រមាណ ៩៩៥,៣៥ ហិកតា និងភូមិក្តោយ ជាភូមិទី២៤ មានចំនួន ៩៤បណ្ណ ស្មើនឹង ៤៤គ្រួសារ ដែលមានទំហំផ្ទៃដីសរុបប្រមាណ ៧៨,០៦០១ ហិកតា៕

អត្ថបទដែលជាប់ទាក់ទង