ចាប់ខ្លួននគរបាលចរាចរណ៍ ខេត្ដស្ទឹងត្រែង និងបក្ខពួក២នាក់ ដកហូតគ្រឿងញៀន៥គីឡូក្រាម

រាជធានីភ្នំពេញ ៖ ខណៈកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច កំពុងបើកយុទ្ធនាការដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ-គ្រឿងស្រវឹង នៅមុខមន្ទីរពេទ្យជោវៃ ស្ថិតក្នុងភូមិជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីយប់រំលងអាធាត្រចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមួយនឹងការរកឃើញថ្នាំញៀន ៥គីឡូក្រាម។

ក្នុងចំណោម ជនសង្ស័យទាំង ២នាក់នេះ មានម្នាក់ជាមន្ដ្រីនគរបាលចរាចរណ៍ នៅខេត្ដស្ទឹងត្រែង។

របាយការណ៍ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា អាយុ ៤៩ឆ្នាំ មុខរបរនគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង និងឈ្មោះ ផា វុធថា អាយុ ៤០ឆ្នាំ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

វត្ថុតាងដកហូតបាន​រួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥គីឡូក្រាម) និងម្សៅកញ្ចប់ពណ៌ស្វាយ មានអក្សរថៃ លេខ២០២៣ ចំនួន ១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត ០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅ អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ៕

អត្ថបទដែលជាប់ទាក់ទង