អង្គការមូលនិធិប្រាសាទពិភពលោក ប្រគល់ការដ្ឋានអភិរក្សនិងជួសជុល ជូនអាជ្ញាធរអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរួចរាល់

ខេត្តសៀមរាប ៖ អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្ម របស់ខ្លួន ព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន ៣ ក្នុងរមណីយដ្ឋានជូន អាជ្ញាធរអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

ពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣ នោះមាន៖ ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទង នៃចម្លាក់សមុទ្រកូទឹកដោះ របស់ប្រាសាទអង្គរវត្ត ក្រោមអធិបតីភាព របស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីជាច្រើនរូប ព្រមទាំងដៃគូ នៃកិច្ចសហប្រតិបត្តិការ ក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណជាច្រើនស្ថាប័នទៀត។

នាឱកាសនោះ លោកស្រី ភឿង សកុណា បានថ្លែងនៅក្នុងពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣ មកឱ្យអាជ្ញាធរអប្សរាគ្រប់គ្រងវិញថា អាជ្ញាធរជាតិអប្សរា នឹងបន្តថែរក្សាប្រាសាទទាំងបីនេះ ហើយកម្ពុជា នឹងចងចាំជារៀងរហូត ចំពោះការរួមចំណែក របស់មូលនិធិប្រាសាទពិភពលោក (World Monument Fund) ក្នុងការជួយការពារបេតិកភណ្ឌជាតិ របស់កម្ពុជា ហើយកម្ពុជា ក៏រង់ចាំបន្តធ្វើការជាមួយ អង្គការមូលនិធិប្រាសាទពិភពលោក ក្នុងវិស័យទូលំទូលាយដូចជា ៖ ការផ្លាស់ប្តូរជំនាញស្តីពីការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នា ដើម្បីចែករំលែកបទពិសោធន៍ ជាដើម។

ចំណែកប្រធាន និងជានាយកប្រតិបត្តិ របស់អង្គការមូលនិធិប្រាសាទពិភពលោក របស់សហរដ្ឋអាមេរិក អ្នកស្រី Benedicte De Montlaur បានថ្លែងថា ការចូលរួមរបស់ (World Monument Fund )ក្នុងការងារជួសជុលប្រាសាទនៅរមណីដ្ឋានអង្គរបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ជាមួយនឹងបេសកកម្មចុះវាល ដើម្បីវាយតម្លៃស្ថានភាពនៃប្រាសាទ ដើម្បីឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ហើយបន្ទាប់មកអង្គការមូលនិធិប្រាសាទពិភពលោក ក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែម ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញ។

ចាប់តាំងតែពីឆ្នាំ១៩៩១ ក្នុងពេលដែលប្រធាន (WMF) បានធ្វើទស្សនកិច្ចលើកដំបូងមកកាន់អង្គរ គឺជាចំណុចចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការដ៏ធំធេង និងនិរន្តរភាពរវាង WMF និងរាជរដ្ឋាភិបាលកម្ពុជា។ រហូតមកដល់ថ្ងៃនេះ អង្គការមូលនិធិប្រាសាទពិភពលោក បានទទួលការគាំទ្រយ៉ាងត្រចះត្រចង់ទាក់ទងនឹងជំនាញ សម្រាប់ការស្រាវជ្រាវ និងឯកសារអំពីបេតិកភណ្ឌស្ថាបត្យកម្មកម្ពុជា អន្តរាគមន៍ក្នុងការផ្តល់ស្ថេរភាព និងការអភិរក្សប្រាសាទ ព្រមទាំងការបណ្តុះបណ្តាលសំខាន់ៗសម្រាប់អ្នកអភិរក្សកម្ពុជា។

យោងទៅលើប្រវត្តិសាស្ត្រកម្ពុជា ក៏សូមថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះសម្តេចឪព្រះ នរោត្តម សីហនុ ដែលបានខិតខំខ្នះខ្នែង អំពាវនាវរកជំនួយអន្តរជាតិ ក្នុងឆ្នាំ១៩៨៩ សម្រាប់ជួយសង្គ្រោះ ប្រាសាទបុរាណខ្មែរជាច្រើន ហើយកម្ពុជាក៏ទទួលស្គាល់ការដឹកនាំដ៏រឹងមាំ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះការប្តេជ្ញាចិត្ត ក្នុងការការពារអង្គរដ៏អស្ចារ្យ របស់សម្តេចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង