ខឿនរួតទី៣ ជ្រុងនិរតីប្រាសាទបាយ័ន បានបញ្ចប់ការជួសជុល ជាស្ថាពរហើយ

ខេត្តសៀមរាប ៖ ក្រុមការងារជំនាញ របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យ លើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣ នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ។

ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿន រួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា ការងារជួសជុលសម្រេចបាន ដោយជោគជ័យនៅខឿនជ្រុងនិរតី នៃប្រាសាទបាយ័ន មានដូចជា៖ រៀបចំថ្មខឿន ដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរ តាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល ១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះ ត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។

ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកនោះ បានឈានដល់ការសម្រេចជាស្ថាពរហើយ គឺនៅសល់តែការងារតិចតួច ដូចជា៖ ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញ នៅតាមមុខដំណរថ្មតែប៉ុណ្ណោះ។

កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ខឿនជ្រុងខាងត្បូងផ្នែកខាងលិច របស់រួតទី៣នៃប្រាសាទបាយ័ន ដែលរងខូចខាតខ្លាំងដោយសារតែមូលហេតុដូចជា ឬសឈើបានដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធ ធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទឹកហូរច្រោះចូលទៅតាមប្រហោងថ្ម ដោយនាំល្បាយដីខ្សាច់ចេញមកក្រៅបណ្ដាលឱ្យខឿននេះ ហែកក្រៀកមួយចំនួន។

ម្យ៉ាងទៀត បារាំង ធ្លាប់បានជួសជុល ដោយប្រើបាយអស៊ីម៉ងត៍ទៅបិទបំពេញនៅតាមចន្លោះថ្មកម្រាល។ ប៉ុន្តែ មកដល់បច្ចុប្បន្នបាយអនោះអស់គុណភាព ហើយបានធ្វើឱ្យខឿនរួតទី៣ របស់ប្រាសាទបាយ័ន នៅតែប្រឈម និងហានិភ័យជាថ្មី៕

អត្ថបទ: លោក យី សុថា
រូបភាព:  លោក ភោគ ជា

អត្ថបទដែលជាប់ទាក់ទង