ឃាត់ខ្លួនមន្ត្រីអាវុធហត្ថ ស្រុកចិត្របុរីម្នាក់ ប្រើកាំងភ្លើងខ្យល់បាញ់សម្លាប់សត្វកុក នៅបឹងរំលាច

ខេត្តក្រចេះ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឲ្យដឹងថា ក្រោយបានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក)  ហើយ បុគ្គលដែលបាញ់សត្វកុកនោះ គឺពាក់អាវយឺតពណ៌ត្រេអ៉ី មានអក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញា សម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ”។

ផ្តើមពីបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានថា បុគ្គលបាញ់សត្វកុកនោះ ឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។

លោកបន្តថា អនុវត្តតាមការដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក្រោយឃាត់ខ្លួនបុគ្គល ឈ្មោះ កង សុផាណារ័ត្ន មន្ត្រីជំនាញនគរបាលយុត្តិធម៌ ក៏បានប្រគល់បុគ្គលរូបនេះ ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ៕

អត្ថបទដែលជាប់ទាក់ទង