ពិធីដង្ហែរព្រះពុទ្ធរូប យកមកតម្កល់លើបល្ល័ង នៅវត្តគីរីជលសារកោះរ៉ុង

ខេត្តព្រះសីហនុ៖ ពិធីដង្ហែរព្រះពុទ្ធរូប ធ្វើពីស្ពាន់យកមកតម្កល់លើបល្ល័ង នៅវត្តគីរីជលសារកោះរ៉ុង ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

ពិធីនេះធ្វើឡើង នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅវត្តគីរីជលសារកោះរ៉ុង ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ការដង្ហែរព្រះពុទ្ធរូប សាងសង់អំពីស្ពាន់នេះ ដើម្បីឱ្យពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជា តាមបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ហើយមកដល់ពេលបច្ចុប្បន្ន សំណង់ព្រះវិហារនេះ សាងសង់បានប្រមាណជា ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅខែ១២ ឆ្នាំ២០២៤ខាងមុខ ម្យ៉ាងការសាងសង់ព្រះវិហារនេះលឿន ឬឆាប់ដោយសារយើងបានរៀបចំគណៈកម្មាធិការគ្រប់គ្រងនៃការសាងសង់បានត្រឹមត្រូវ រៀបចំផែនទី និងប្លង់សាងសង់ទៅតាមក្បួនខ្នាត ពិសេសថែមទៀតនោះ ក្រុមការងាររបស់យើងមានជំនាញ និងបច្ចេកទេសក្នុងការសាងសង់ព្រះវិហារ ធ្វើឱ្យដំណើរការសាងសង់បានលឿនតាមការគ្រោងទុក។

សំណង់ព្រះវិហារវត្ត គីរីជលសារកោះរ៉ុងនេះ វាគឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកប្រតិបត្តិ និងទស្សនានាពេលខាងមុខ ព្រោះសំណង់ព្រះវិហារនេះ គឺសាងសង់តាមរចនាបទខ្មែរ។

សូមរម្លឹកថា ព្រះពុទ្ធរូបធ្វើពីស្ពាន់នេះ ត្រូវបានរៀបចំពិធីសិតព្រះភ័ក្រ (ចាក់ពុម្ព) ក្រោមអធិបតីភាពពី លោកស្រី ញ៉ែម សាខន ស ខេង និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងមក នៅភូមិប្រតិល សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពី។

ព្រះពុទ្ធរូបអង្គនេះមានខ្នាត និងប្លង់ព្រះពុទ្ធរូបត្រឹមត្រូវ តាមខ្នាតសាងសង់អំពីស្ពាន់ មានកម្ពស់គិតត្រឹមភ្នេន ដល់ផ្នួងសក់មានកម្ពស់ ៣,១១៩ម៉ែត្រ ប្រវែងភ្នេនព្រះមាន ២,៧៧២ម៉ែត្រ កម្ពស់ត្របកឈូកទម្រព្រះពុទ្ធរូប ០,៤៤៣ម៉ែត្រ មានទម្ងន់ ២តោន ទុកសម្រាប់ឱ្យពុទ្ធបរិស័ទ រស់នៅសង្កាត់កោះរ៉ុង គោរពបូជា។

សូមបញ្ជាក់ថា ការសាងសង់ព្រះវិហារវត្តគិរីជលសារ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ជាគំនិតផ្តួចផ្តើមសាងសង់ដោយ លោម ស ខេង និងលោកស្រី សម្រាប់ប្រជាពលរដ្ឋនៅតំបន់កោះ ក្នុងខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង