ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ប្រគល់រូបចម្លាក់ចំនួន៥ ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក

ខេត្តសៀមរាប ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម បានប្រគល់រូបចម្លាក់ចំនួន៥ ដែលបានរកឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេល រើគំនរថ្មខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាលដ៏យូរមកហើយ មកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។

លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រូបចម្លាក់បដិមាទាំង៥ ដែលប្រគល់ជូន អាជ្ញាធរជាតិអប្សរា រួមមាន៖ រូបចម្លាក់ព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគ ចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគ ក្នុងទម្រង់សមាធិ បាត់ព្រះកេស និងបាត់ព្រះហស្តទាំងសងចំនួន២។

លោកស្រី បន្តថា ក្រោយពីប្រទះឃើញចម្លាក់ចំនួន៦ ក្រុមការងារបានសម្អាត រៀបចំ ឯកសារ និងសង្កេតឃើញថា ចម្លាក់បដិមាទាំង ៥នេះ ពុំពាក់ព័ន្ធនឹងរចនាសម្ព័ន្ធខ្លោងទ្វារ ខាងត្បូងនេះទេ លើកលែងតែថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម ១ផ្ទាំង ដែលត្រូវដាក់នៅទីតាំងដើម របស់ខ្លោងទ្វារឡើងវិញ លើកលែងតែរូបចម្លាក់ទាំង ៥ខាងលើនេះ ដែលត្រូវជូនអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុល និងរក្សាទុក៕

អត្ថបទ: លោក យី សុថា

រូបភាព: លោក ភោគ ជា

អត្ថបទដែលជាប់ទាក់ទង