ផ្សព្វផ្សាយពីច្បាប់ស្តីពីការងារ និងរបបស្វ័យប្រកាស អធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ជូនដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ដើម្បីបំពេញកាតព្វកិច្ច របស់ខ្លួន

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានណែនាំដល់ម្ចាស់គ្រឹះស្ថាន សហគ្រា អង្គការសង្គមស៊ីវិល សិប្បកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងអាហារដ្ឋាននានា ក្នុងខេត្តនេះ ត្រូវចូលរួមបំពេញកាតព្វកិច្ច ស្វ័យប្រកាសអធិការកិច្ចការងារ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ឱ្យស្របតាមច្បាប់ស្តីពីការងារ នៃព្រះរាជណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីនេះ​ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌល​គិរីថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ផ្សព្វផ្សាយពីច្បាប់ស្តីពីការងារ និងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីងាយស្រួលដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន បានបំពេញកាតព្វកិច្ច របស់ខ្លួន ឱ្យស្របតាមច្បាប់ស្តីពីការងារនៃព្រះរាជណាចក្រកម្ពុជា។ លោក ញ៉ន សិទ្ធ បានបន្ថែមថា សមិទ្ធិផល ដែលសម្រេចបានទាំងនេះ អាស្រ័យដោយយើងទាំងអស់ រួមគ្នាខិតខំអនុវត្តផ្សព្វផ្សាយអំពីបេសកកម្ម របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ទៅដល់គ្រប់គ្រឹះស្ថាន សហគ្រាស ដើម្បីចូលរួមក្នុងការអនុវត្តច្បាប់ ក៏ដូចលិខិតបទដ្ឋានគតិយុទ្តនានា។

​លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងផែនការអភិវឌ្ឍន៍៣​ឆ្នាំរំកិល របស់រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានដាក់ចេញ នូវផែនការយុទ្ធសាស្ត្រ ជាអទិភាពចំនួន០៥ រួមមាន៖

១- ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មក្នុងការទំនាក់ទំនងវិជ្ជាជីវៈ

២- ការធ្វើទំនើបកម្មប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

៣- ការរក្សា បង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេស

៤- ការអភិវឌ្ឍរបបសន្តិសុខសង្គម

៥- ការពង្រឹងសេវាគាំទ្រទូទៅ។

លោក ណយ ច័ន្ទតារា បញ្ជាក់បន្តទៀតថា រោងចក្រ សហគ្រាសទាំងអស់ ត្រូវមានកាតព្វកិច្ចស្វ័យប្រកាសអធិការកិច្ចការងារ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួនពីរលើក ក្នុងមួយឆ្នាំ គឺលើកទី១ ឱ្យបានមុនដំណាច់ខែមិថុនា និងលើកទី២ ឱ្យបានមុនដំណាច់ខែធ្នូនៃឆ្នាំនីមួយៗ ហើយក្នុងរបាយណ៍ស្វ័យប្រកាសអធិការកិច្ចការងារ មានចំណុចអទិភាពចំនួន៣១ ដែលមានកំណត់នៅក្នុងលិខិតដាក់កំហិត របស់អធិការកិច្ចការងារ ក្នុងនោះម្ចាស់ ឬនាយកក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវអនុវត្តឱ្យខានតែបាន តាមលិខិតដាក់កំហិតនេះ ក្នុងករណីល្មើសនឹងចំណុចអាទិភាពណាមួយ ត្រូវទទួលរងការផាកពិន័យភ្លាមៗពីអធិការកិច្ចការងារ យោងទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង