រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសចាត់វិធានការក្តៅ ចំពោះជនទាំងឡាយណា ចូលទន្ទ្រានកាប់រានដីព្រៃលិចទឹក យកធ្វើកម្មសិទ្ធិខុសច្បាប់

ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសចាត់វិធានការក្តៅ តាមផ្លូវច្បាប់ ឲ្យបានធ្ងន់ធ្ងរ ទៅលើក្រុម ឬជនទាំងឡាយណា ដែល​ប៉ុនប៉ងចូលទន្ទ្រានកាប់រានដីព្រៃលិចទឹក មានទីតាំងស្តិតក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ យកធ្វើកម្មសិទ្ធិខុសច្បាប់។

ដើម្បីទប់ស្កាត់បទល្មើសខាងលើនេះ ឲ្យមានប្រសិទ្ធិភាព រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានបង្កើត ក្រុមការងារគណៈកម្មការទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ  ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព។ ហើយ គណៈកម្មការនេះ ដឹកនាំដោយ លោក សាំង សែន។

ជាក់ស្តែង នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក សាំង សែន បានដឹកនាំក្រុមការងារ នាំយក​អង្ករ​ចំនួន ​៤០០​គីឡូ​ក្រាម និងថវិកា របស់លោកអភិបាលខេត្ត ចំនួន ៨​លានរៀល យកទៅផ្តល់ជូន​កម្លាំងចម្រុះទាំង ៣ប្រភេទ ដែលកំពុងឈរ​ជើងប្រចាំការការពារ ទប់ស្កាត់ជនខិតខូច ដែលមានមកកាប់ទន្ទ្រានតំបន់ព្រៃលិចទឹក នៅទីតាំងចំនួន ៤​​ ក្នុងភូមិសាស្ត្រស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​។

នាឱកាសនោះ លោក សាំង សែន សមាជិកគណៈកម្មការ និងជាប្រធានការិយាល័យ ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ មានប្រសាសន៍​​ថា ដើម្បីការពារផលប្រយោជន៍រួម គឺ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញវិធានការក្តៅ ដើម្បីទប់់ស្កាត់​ជនខិលខួចទាំងឡាយណា ដែលមានបំណងចូលឈួសឆាយ រំលោភយកដីព្រៃលិចទឹក ស្ថិតក្នុងភូមិ​សាស្ត្រ ស្រុក​ក្រូចឆ្មារ យកធ្វើកម្មសិទ្ធិឯកជនខុសច្បាប់។ លោកបន្តថា ដើម្បីទប់ស្កាត់បទល្មើស​នេះ រដ្ឋបាលខេត្ត បានដាក់កម្លាំង​ការពារប្រចាំការ​ចំនួន ៤ ទីតាំង ធ្វើយ៉ាងណាទប់ស្កាត់បទល្មើសទាំងនេះ ឲ្យខាងតែបាន​។

លោក សាំង សែន បញ្ជាក់បន្ថែថា ​ជាការលើកទឹកចិត្ត ចំពោះកងកម្លាំងឈរជើង នៅតាមគោលដៅនីមួយៗ គឺរដ្ឋបាលខេត្តបានរៀបចំ​អង្ករ និងថវិកា​ មួយចំនួនយកមកចែកជូន កងកម្លាំងទាំង ៣ប្រភេទ ដោយ​ទីតាំងនីមួយៗ ទទួលបានអង្ករ និង​ថវិកា​ ២​លានរៀល ជារៀងរាល់ខែ​។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង ស្ដីពី​ការទប់ស្កាត់ និងការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក មានចំនួន ៩​ឃុំ ក្នុងចំណោម ១២ឃុំ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ និងបានរៀបចំកម្លាំងចម្រុះ ឲ្យឈរជើងល្បាតជាប្រចាំ នៅតាមបណ្តាទីតាំងសំខាន់ៗចំនួន ៤ រួមមាន៖

១- ឃុំក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក

​២- តំបន់ពស់អំបែង គ្រប់ដណ្តប់ឃុំទួលស្នួល

៣-តំបន់ចម្ការចិន គ្រប់ដណ្តប់ ឃុំ ប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយឃ្លាំង

៤- តំបន់ខ្នងព្រែក គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី។

លោក សាំង សែន ឲ្យដឹងដូច្នេះ រួចបន្ថែមថា ប្រសិនបើមានបទល្មើសកើតឡើង នៅតាមគោលដៅនីមួយៗ គឺកងកម្លាំងប្រដាប់​អាវុធទាំង ៣ប្រភេទ ដែលមានសមាសភាព ក្នុងមួយគោលដៅចំនួន ៧នាក់ ​គឺមានសិទ្ធិ​ ក្នុងការបង្ក្រាប និងចាប់ខ្លួន ​ជនល្មើសយកទៅអនុវត្តតាមនីតិវិធីច្បាប់។

ទន្ទឹមគ្នានេះ សម្រាប់អាជ្ញាធរមូលដ្ឋាន ក៏ត្រូវចូលរួមសហការ​ទប់ស្កាត់ រាល់សកម្មភាព នៃការទន្ទ្រាន​កាន់កាប់ដីព្រៃ នៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានា នៅតំបន់ព្រៃលិចទឹក ឱ្យបានគង់វង្ស ទុកសម្រាប់​បម្រើ ជាឧត្តមប្រយោជន៍សាធារណៈ នាថ្ងៃអនាគត​។

បន្ថែមលើនេះ ក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ លោក សាំង សែន ក៏បានអំពាវនាវដល់​ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ រស់នៅស្រុកក្រូចឆ្មារ សូម​ចូលរួមទប់ស្កាត់កបទល្មើសទន្ទ្រានកាប់ដីព្រៃលិចទឹក ឲ្យបានទាំងអស់គ្នា ដោយមិនត្រូវឆ្លៀតឳកាស ចូលទន្ទ្រានកាប់ដីព្រៃទាំងនោះ យកធ្វើជាកម្មសិទ្ធិ​ទេ ព្រោះនឹងត្រូវប្រឈម សមត្ថកិច្ចចាប់ខ្លួន យកទៅផ្តន្ទាទោស​តាមផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង